បរទេស៖ គិតត្រឹមពេលនេះ អាលីបាបា (Alibaba) ជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញយក្សមួយរបស់ចិន និងជាក្រុមហ៊ុន​បច្ចេកវិទ្យាមួយលំដាប់ពិភពលោក។ ក្រោមស្នាដៃដឹកនាំរបស់កំពូលមហាសេដ្ឋីមាឌល្អិត ជែក ម៉ា (Jack Ma) បានធ្វើឱ្យ​ក្រុមហ៊ុន​មួយនេះដំណើរការ និងពង្រីកខ្លួនបានយ៉ាងទូលំទូលាយ ខណៈដែលមនុស្សគ្រប់គ្នាបានដឹងថា Alibaba បានកើតចេញពី​លុយត្រឹមតែ ៥០ម៉ឺនយ៉ន់។

តើ Alibaba ពិតជាពង្រីកខ្លួនក្លាយជាក្រុមហ៊ុនយក្សដោយសារតែលុយ ៥០ម៉ឺនយ៉ន់ មែនទេ?

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៩៩ លោក Jack Ma និងមនុស្សស្និទ្ធស្នាល ១៨នាក់ផ្សេងទៀត បានរ៉ៃអង្គាសគ្នាបានប្រាក់ ៥០ម៉ឺនយ៉ន់ ដើម្បីបង្កើត​ក្រុមហ៊ុន Alibaba ឡើង ដែលវាជាគេហទំព័រលក់ទំនិញអនឡាញលក្ខខណ្ឌ B2B។ លោក Jack បានដឹងច្បាស់ថា លុយត្រឹម ៥០ម៉ឺនយ៉ន់ មិនអាចធ្វើឱ្យអាជីវកម្មមួយនេះដំណើរការទៅមុនបាននោះទេ ដូច្នេះហើយ​លោកក៏មានគម្រោងទៅស្នើសុំទុនវិនិយោគពីសំណាក់កំពូលក្រុមហ៊ុនមួយ។

យោងតាមការកំណត់ត្រាវិនិយោគរបស់ Alibaba បានឱ្យដឹងថា លោក Jack Ma បានទៅជួបខាង​ក្រុមហ៊ុនសូសបេង (Softbank) កាល​ពីអំឡុងខែតុលា ឆ្នាំ១៩៩៩ ពោលគឺប៉ុន្មានខែបន្ទាប់ពីដាក់ឱ្យដំណើរការគេហទំព័រ Alibaba។ ដោយក្នុងកិច្ចជំនួប​នោះ Softbank បានទម្លាក់ទុនខ្លះមកឱ្យ Jack Ma ដើម្បីពង្រីកអាជីវកម្ម ហើយនៅដើមឆ្នាំ ២០០០ Alibaba ក៏ទទួល​បាន​ទុនបន្ថែមទៀតពី គូលមែន សាច់ (Goldman Sachs) និង Softbank។ បើតាមការបញ្ជាក់ Alibaba ទទួលបានទុនសរុបចំនួន ២៥លានដុល្លារ​អាមេរិក​ពី Goldman Sachs និង Softbank ចន្លោះពីខែតុលា ឆ្នាំ១៩៩៩ ដល់ខែមករា ឆ្នាំ២០០០។

បីឆ្នាំក្រោយពីគេហទំព័រ Alibaba.com ដាក់ឱ្យដំណើរការ ទើប​ក្រុមហ៊ុនទទួលបានប្រាក់ចំណេញ ហើយនៅឆ្នាំ ២០០៣ លោក Jack Ma ចង់ពង្រីកសក្កដានុពលទៅកាន់ពិភពលោក ដោយបានបង្កើត​គេហទំព័រថ្មីមួយឡើងដែល​មានឈ្មោះ​ថា តាវបាវ (Taobao.com) ដែលវាជាប្រភេទ C2C និង អ៊ីខមមើស (E-commerce) ។ អ្វីដែលពិសេសជាងនេះគឺ Alibaba បានបង្កើត អាលីផេ (Alipay) ដែល​ជា​កម្មវិធីទូទាត់ប្រាក់តាមអនឡាញសម្រាប់ប្រើផ្ទាល់ខ្លួនថែមទៀតផង។

ស្របពេលដែល Taobao.com ដាក់ឱ្យដំណើរការមិនទាន់បានប៉ុន្មានផង ស្រាប់តែ អ៊ីបេ (eBay) ក្រុមហ៊ុនលក់ទំនិញយក្សមួយ​របស់អាមេរិក បានឈានជើងចូលទីផ្សារប្រទេសចិន និងបានស្នើសុំទិញ Taobao.com ប៉ុន្តែត្រូវបាន លោក Jack Ma ច្រានចោល ហើយ eBay ក៏ដកខ្លួនចេញពីទីផ្សារប្រទេសចិនវិញ ក្រោយពេល​អាជីវកម្ម​មិនអាចស្វែងរកប្រាក់ចំណេញបាន។

ត្បិតតែលោក Jack Ma បានច្រានចោលការស្នើសុំទិញ Taobao.com ពីសំណាក់ eBay ក្ដី ប៉ុន្តែ Alibaba គឺទទួលបានទុន​វិនិយោគបន្ថែមរហូតដល់ ១ពាន់លានដុល្លារអាមេរិកពីសំណាក់លោក ជឺរី យ៉ាង (Jerry Yang) សហស្ថាបនិក​ក្រុមហ៊ុន យ៉ាហ៊ូ (Yahoo) នៅឆ្នាំ២០០៥ ដោយទទួលបានចំណែកភាគហ៊ុនរហូតដល់ ៤០ភាគរយ។

បន្ទាប់ពីនេះ ក្រុមហ៊ុន Alibaba ក៏ទទួលបានទុនវិនិយោគជាច្រើនបន្ថែមទៀត និងមានការទិញលក់ភាគហ៊ុន​ចុះឡើង​ជា​បន្តបន្ទាប់ផងដែរ ខណៈដែលបច្ចុប្បន្ន SoftBank Group គឺជា​ម្ចាស់​ក្រុមហ៊ុន Alibaba ជាមួយនឹងការកាន់កាប់ចំណែក​ភាគហ៊ុន​ច្រើនជាងគេសរុបចំនួន ២៣,៩ភាគរយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Alibaba រកចំណូលបានសរុបចំនួន ១៣៤,៥ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធ ៧,៥ពាន់លានដុល្លារអាមេរិក ៕