ចក្រភពអង់គ្លេស ៖ យន្តហោះដ៏ធំបំផុតមួយរបស់ពិភពលោក Airbus Beluga XL5 ត្រូវបានរន្ទះបាញ់ពេលកំពុងហោះចេញពីអាកាសយានដ្ឋាន Hawarden ក្នុងទីក្រុង Flintshire រដ្ឋ North Wales ប្រទេសអងគ្លេសកាលពីថ្ងៃអង្គារកន្លងទៅ។

យោងតាមសារព័ត៌មាន North Wales Live បានឱ្យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ យន្តហោះដ៏ធំបំផុតមួយរបស់ពិភពលោក Airbus Beluga XL5 ត្រូវបានរន្ទះបាញ់ពេលកំពុងហោះចេញពីអាកាសយានដ្ឋាន Hawarden នៅវេលាម៉ោង ១៣ និង០០នាទី ថ្ងៃត្រង់ ក្នុងទីក្រុង Flintshire រដ្ឋ North Wales ប្រទេសអងគ្លេស ខណៈកំពុងឆ្ពោះទៅកាន់ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
ទាក់ទងនឹងហេតុការខាងលើអ្នកនាំពាក្យរបស់ក្រុមហ៊ុន Airbus បានប្រាប់ស្ថានីយទូរទស្សន៍ FOX ថា “នេះគឺជាព្រឹត្តិការណ៍ធម្មតាមួយនៅក្នុងអាកាសចរណ៍ ហើយយន្តហោះបានបន្តធ្វើដំណើរទៅកាន់ទីក្រុង Hamburg តាមការគ្រោងទុកដោយជោគជ័យ។
អង្គភាពព័ត៌មានក្នុងស្រុកបានរាយការណ៍ថាខណៈយន្តហោះ Airbus Beluga XL5 ប្រជាពលរដ្ឋបានរាយការណ៍ថាបានឮសំឡេងនៃការផ្ទុះដ៏ធំមួយ និងមានពន្លឺពណ៌សភ្លឺចំយន្តហោះ។ បន្ថែមពីនោះអ្នកស្រុកក៏បានរាយការណ៍ពីបញ្ហាជាមួយនឹងសញ្ញាទូរទស្សន៍ និងការភ្ជាប់អ៊ីនធឺណិតរបស់ពួកគេត្រូវបានកាត់ផ្ដាច់បន្ទាប់ពីមានរន្ទះបាញ់ផងដែរ។

គួរបញ្ជាក់ថាយន្តហោះដែលមានរាងដូចត្រីបាឡែន Airbus Beluga XL5 ប្រើសម្រាប់ដឹកជញ្ជូនផ្នែកខ្លះនៃយន្តហោះផ្សេងទៀតជុំវិញពិភពលោក បានបន្តចុះចតដោយសុវត្ថិភាពក្នុងប្រទេសអាល្លឺម៉ង់ដោយសុវត្តិភាព ស្របតាមនីតិវិធីប្រតិបត្តិការស្តង់ដារ ហើយយន្តហោះនឹងត្រូវបានត្រួតពិនិត្យមុនពេលហោះហើរបន្ទាប់របស់វា”៕ ប្រភព៖ fox5atlanta











