ភ្នំពេញ៖ ត្រីនាគដ៏ធំមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់អណ្តែតទឹកស្រះកស្សិនអង្គរ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបង្កឲ្យមានការចាប់អារម្មណ៍ និងសោកស្តាយពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅតំបន់នោះ។

ទោះបីយ៉ាងណាគេមិនដឹងថា ត្រីដ៏ធំមួយក្បាលនេះងាប់ដោយសារមូលហេតុអ្វីនោះទេ ការប្រទះឃើញត្រីដ៏ធំមួយក្បាលងាប់នេះ ស្ថិតនៅត្រង់ចំណុចក្នុងស្រះទឹកកស្សិនអង្គរវត្ត ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

បន្ទាប់ពីស្រង់ចេញពីទឹកមកខ្លះនិយាយថា ត្រីនេះជាត្រីនាគ និងជាត្រីកម្រ ហើយគេមិនដែលបានឃើញត្រីនាគណាធំបែបនេះទេ។

ចំពោះមូលហេតុនៃការស្លាប់នៃតែជាចម្ងល់របស់មហាជនដោយមានការលើកឡើងខុសៗគ្នា ដល់អាយុវាដែលត្រូវស្លាប់ព្រោះមើលទៅត្រីពិតជាធំខ្លាំងណាស់ ហើយម្យ៉ាងទៀតក្នុងទឹកអាចមានអ្វីកខ្វក់កង្វះអ៊ុកសុីសែនក៏អាចថាបានដែរ។

ត្រីប្រភេទនេះ គឺមានលក់នៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើនអ្នកដែលមានធនធាន គេទិញយកទៅចិញ្ចឹមតាំងលម្អតាមគេហដ្ឋាន ។ ត្រីនេះបើនៅតូចមានតម្លៃមិនសូវថ្លៃប៉ុន្មានទេក្នុងមួយក្បាល ប៉ុន្តែបើធំពេញរូបរាងចាប់ពីទម្ងន់៥០គីឡូក្រាមឡើងទៅ គឺមានតម្លៃថ្លៃខ្ទង់រាប់ពាន់ ទៅម៉ឺនដុល្លារតាមទម្ងន់របស់វា។

ទោះជាយ៉ាងនេះក្តី មិនទាន់មានការបកស្រាយណាមួយពីសំណាក់អាជ្ញាធរដែលប្រចាំការនៅទីនោះនៅឡើយទេ ដោយមិនដឹងថា ត្រីនេះមានអាយុកាលប៉ុន្មានឆ្នាំ ជាត្រីដែលត្រូវបានអភិរក្ស ឬជាត្រីដែលបានគេយកមកប្រលែងឡើយ៕