វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) បាន​ចូលរួម​លើក​មុខ​មាត់​ឲ្យ​ប្រទេសកម្ពុជា ​ជា​ថ្មី​ម្តង​ទៀត បន្ទាប់ពី​យក​ឈ្នះ​កីឡាការិនីអេស្ប៉ាញ Matthew Martin Naiomi Anaiansi នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ លើវិញ្ញាសា ជឺជីតស៊ូ (Newaza) ទម្ងន់ក្រោម៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាជឺជីតស៊ូជើងឯកពិភពលោក JU-JITSU WORLD CHAMPIONSHIP 2022 នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

មុនទទួលបានមេដាយមាស ខាន់ ចេសា បានយកឈ្នះកីឡាការិនីរបស់ហ្វីលីពីន Baluyot Ashley Jeraine ក្នុងជុំទី១ ដែលប្រើពេលត្រឹមតែ២នាទី និង២៣វិនាទីប៉ុណ្ណោះ ហើយបន្តយកឈ្នះកីឡាការិនីអេមីរ៉ាតអារ៉ាប់រួម Sharaim Maitha ដែលបោះបង់ការប្រកួតក្នុងជុំទី៣ មុនឈ្នះកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរដឹងថា ខាន់ ចេសា មានឪពុកជាជនជាតិខ្មែរ និងម្ដាយឈ្មោះ April Marie Khan ជនជាតិម៉ិកស៊ិក-អាមេរិក នៅក្នុងរយៈពេលជាង ១០ឆ្នាំ នៃការចាប់អាជីពកីឡាជឺជិតស៊ូ នាងធ្លាប់ឈ្នះមេដាយ និងពានរង្វាន់ស្ទើររាប់ភ្លេច ទាំងការប្រកួតតំបន់ អាមេរិក អឺរ៉ុប និងពិភពលោក។

កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថា ជាកីឡាករដែលកម្ពុជារំពឹងខ្ពស់​ក្នុងការឈ្នះ​មេដាយ​មាស​ស៊ីហ្គេម SEA Games លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ខកចិត្តនៅប្រទេសវៀតណាម ដោយសារមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់៕