បរទេស៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយ មានការបង្ហោះនូវដំណឹងដ៏រីករាយពីបវរកញ្ញា នៃប្រទេសព័រតូរីកូ និងបវរកញ្ញាអាស្សង់ទីន ដោយស្រីស្រស់ទាំងពីរបានប្រកាសពីពិធីរៀបការរបស់ពួកគេរួចរាល់ បន្ទាប់ពីពួកគេបានយល់ចិត្តគ្នាក្រោយពីស្គាល់គ្នាក្នុងកម្មវិធីប្រកួត Miss Grand International 2020 នៅក្នុងប្រទេសថៃ។

កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២នេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីកញ្ញា Fabiola Valentin បវរកញ្ញាព័រតូរីកូ  និងកញ្ញា  Mariana Varela ជាបវរកញ្ញា អាហ្សង់ទីន បានប្រកាសពីពិធីរៀបការរបស់ពួកគេក្នុងបណ្ដាញ Instagram បន្ទាប់ពីអ្នកទាំងពីបានស្គាល់ និងសេបគុបគ្នា ជាសង្សារស្រី និងស្រី យ៉ាងផ្អែមល្ហែម ក្រោយពីបវរកញ្ញាទាំងពីរបានស្គាល់គ្នាតាមរយៈការប្រកួត Miss Grand International 2020 នៅក្នុងប្រទេសថៃកន្លងមក។

ទោះជាយ៉ាងណាមុន​នឹងពួកគេបានឈានដល់ការប្រារព្ធពិធីរៀបការជាមួយគ្នាដែលប្រព្រឹត្តិធ្វើឡើងកាលពី ថ្ងៃទី ២៨ ខែតុលា កន្លងទៅនេះ គេតែងតែឃើញពួកគេបង្ហាញនូវភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែមចូលទៅក្នុងបញ្ដាញសង្គម មិនចាញ់ស្នេហាប្រុសស្រីនោះឡើយ។

យ៉ាងណាមិញក៏មានមហាជអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានធ្វើការសម្ដែងនូវក្តីត្រេកអរជំនួស ក៏ដូចជាជូនពរអ្នកទាំងពីរមានសុភមង្គល់បន្ទាប់ពីរៀបការ៕