ប្រទេសឥណ្ឌា៖ បាក់ស្ពាននៅឥណ្ឌា បណ្ដាលឱ្យមនុស្សជាង ៤០០ នាក់បានធ្លាក់ចូលទឹកទន្លេបណ្តាលឱ្យមានអ្នករបួស និង ស្លាប់ជាច្រើននាក់ ហើយអ្នកជួយសង្គ្រោះកំពុងពន្លឿនការស្វែងរកអ្នកបាត់ខ្លួន។

កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២២ មា​ន​សេចក្ដីរាយការណ៍ក្នុងស្រុកមួយបាន ឱ្យដឹងថាមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងដោយមានស្ពានព្យួរខ្សែកាបមួយបានបាក់រលំនៅក្នុងទន្លេ (Makshu) ក្នុងតំបន់ (Morbi) នៃរដ្ឋ (Gujarat) នៃប្រទេសឥណ្ឌា។

ក្នុងឧបទ្ទវហេតុនេះ​បើយោងតាមរបាយការណ៍បញ្ជាក់ថា មនុស្សប្រហែល ៤០០ នាក់បានធ្លាក់ចូលទៅក្នុងទន្លេ បន្ទាប់ពីស្ពានបានបាក់ ហើយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៨១ នាក់បានស្លាប់បាត់បង់ជីវិត មានអ្នករងរបួសរាប់រយនាក់ មិនតែប៉ុណ្ណោះក៏មានអ្នកបានបាត់ខ្លួនរាប់សិចនាក់បន្ថែមទៀត។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ពួកគេបានឃើញក្មេងៗជាច្រើនបានលោតពីលើស្ពានចូលទឹក និងបានឃើញជនរងគ្រោះជាច្រើនបានព្យាយាមតោងចំរឹងដែកស្ពាន នឹងអ្នកខ្លះបានហែលទឹកដើម្បីរកទីទួលលមានសុវត្ថិភាព។

ទោះជាយ៉ាងណាបច្ចុប្បន្នក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការដើម្បីនាំអ្នករបួសទៅកាន់មន្ទីរពេទ្យដែលមានចំនួនជិតមួយរយនាក់   ព្រមទាំងពន្លឿនការស្វែងរកអ្នកបាត់ខ្លួនផ្សេងទៀត។

ទាក់ទងនឹងហេតុការណ៍ខាងលើ ក្រុមមន្ត្រីបាននិយាយថា ស្ពានសម័យអាណានិគមនៅសតវត្សរ៍ទី ១៩ បានបាក់រលំដោយសារតែវាមិនអាចគ្រប់គ្រងទម្ងន់នៃហ្វូងមនុស្សដ៏ច្រើនបាន។

ស្ពាននេះត្រូវបានបិទសម្រាប់ការជួសជុលអស់រយៈពេលជិតប្រាំមួយខែមកហើយ ហើយវាបានបើកឱ្យប្រើប្រាស់ ឡើងវិញកាលពីបួនថ្ងៃមុន។

យ៉ាងណាមិញបន្ទាប់ពីហេតុការណ៍សោកនាដកម្មនេះកើតឡើងលោក ណារិន ត្រា ម៉ូដិ (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌាក៏បានស្នើរឲ្យអាជ្ញាធរតាមដានស្ថានការណ៍ឲ្យបានដិតដល់ និងបន្តត្រៀមខ្លួនជាស្រេចដើម្បី ជួយអ្នករងគ្រោះ ហើយបានប្រកាសផ្តល់សំណងដល់គ្រួសារនៃសពចំនួន ៤ សែនរូពី (ប្រហែល៤៨៤៦ដុល្លារ) និង ៥ ម៉ឺនរូពី (ប្រហែល ៦០០ដុល្លារ) សម្រាប់អ្នករងរបួសក្នុងឧបទ្ទវហេតុនេះ។

គួរបញ្ជាក់ថាស្ពាននេះជាស្ពានប្រវត្តិសាស្ត្រមានប្រវែង ២៣០ ម៉ែត្រត្រូវបានសាងសង់ឡើងក្នុងអំឡុងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសក្នុងសតវត្សទី ១៩មកម្លេះ៕ ប្រភព៖  abc.net.au