ប្រទេសហ្វីលីពីន៖ ព្យុះត្រូពិច Nalgae បានវាយលុកប្រទេសហ្វីលីពីនយ៉ាងធ្ងន់ធ្ងរចាប់តាំងពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ រហូតបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់សរុប ៧២នាក់បានស្លាប់។

បន្ទាប់ពីព្យុះ Nalgae  បានប៉ះលើកោះ Catanduanes ដែលមានប្រជាជនមួយចំនួនរស់នៅបង្ករឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ វាក៏បានវាយលុកលើកោះសំខាន់នៃប្រទេសក្នុងប្រជុំកោះ Luzon ជាមួយនឹងខ្យល់បក់ដែលមានល្បឿន ៩៥ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ (៥៩ ម៉ាយក្នុងមួយម៉ោង)។

យោងតាមសេវាអាកាសធាតុផ្លូវការ ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះបានខិតជិត និងចាប់ផ្តើមធ្លាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយបានជះឥទ្ធិពលមានទឹកជំនន់ជន់លិចតំបន់ជនបទភាគច្រើននៅលើកោះមីនដាណាវ។

ការរអិលបាក់ដី និងការជន់លិចបានកើតឡើង ជាមួយនឹងការរំកិលខ្យល់យ៉ាងលឿន និងទឹកដែលពោរពេញដោយកំទេចកំទីនៅក្នុងតំបន់ខ្លះបានបោកបក់ចេញពេញទាំងតំបន់ទាំងមូល និងខូចខាតផ្ទះពលរដ្ឋជិត ៥០០ ខ្នង។

បន្ថែមពីនេះនាយកការពារជនស៊ីវិលរបស់ប្រទេសនេះគឺលោក Rafaelito Alejandro បាននិយាយថា មនុស្សចំនួន ៧២ នាក់បានរាយការណ៍ថាបានបាត់បង់ជីវិត គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ។

ក្នុងនោះលោកបានបន្ថែមថាមនុស្ស ៣៣ នាក់បានរងរបួសហើយយ៉ាងហោចណាស់មនុស្ស ១៤ នាក់កំពុងតែបាត់ខ្លួន ហើយការិយាល័យការពារជនស៊ីវិលបានរាយការណ៍ថា មនុស្សជាង ៧,០០០ នាក់ត្រូវបានជម្លៀសចេញ មុនពេលព្យុះនេះបានធ្វើឱ្យដីគោក។

គួរបញ្ជាក់ផងដែរថា និភ័យដ៏សាហាវបំផុតមួយដែលបង្កឡើងដោយព្យុះទីហ្វុងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសហ្វីលីពីនភាគច្រើន គឺបង្កឱ្យមានទឹកជំនន់ភ្លាមៗជាមួយនឹងភក់ និងកំទេចកំទីពីតំបន់ភ្នំដែលត្រូវបានកាប់បំផ្លាញព្រៃឈើយ៉ាងច្រើន។ ក្នុងនោះជារៀងរាល់ឆ្នាំ ប្រទេសហ្វីលីពីនជួបប្រទះព្យុះធំៗចំនួន ២០ ដែលបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឱ្យតំបន់ធំៗស្ថិតក្នុងភាពក្រីក្រ៕ ប្រភព៖ english