យល់ដឹង៖ ជំងឺគ្រុនឈាម បណ្តាលមកពីការបង្ករោគ “មេរោគគ្រុនឈាម” ដែលមានសរុបចំនួន ៤ ប្រភេទ ដោយជំងឺនេះជាភាសាបច្ចេកទេសហៅថា Break-bone ហើយការផ្ទុះឡើងនៃជំងឺនេះជាធម្មតាកើតឡើងនៅរដូវវស្សា ជាមួយនឹងប្រភេទមូសខ្លាខាំ។

កាលពីមុន អ្នកជំងឺគ្រុនឈាមភាគច្រើនត្រូវបានរកឃើញនៅលើវ័យកុមារតូចៗ ប៉ុន្តែប៉ុន្មានឆ្នាំកន្លង មកនេះគេបានរកឃើញជំងឺគ្រុនឈាមនេះ នៅលើក្រុមមនុស្សដែលមានអាយុពេញវ័យជំទង់ ឬមនុស្ស ក្បែរវ័យកណ្ដាល ដែលបណ្តាលឱ្យចំនួនអ្នកជម្ងឺគ្រុនឈាមលើពិភពនាពេលបច្ចុប្បន្នមាននិន្នាការកើនឡើងជាលំដាប់។

ថ្ងៃនេះ KBN News  សូមនាំអ្នកទាំអស់គ្នាមកឈ្វេងយល់ពីជំងឺគ្រុនឈាមដែលជាឃាតករក្នុងរដូវវស្សា និង មកដឹងពីវិធការពារមួយចំនួនអំពីជំងឺដ៏កាចសាហាវនេះ។

រោគសញ្ញានៃជំងឺគ្រុនឈាម

រោគសញ្ញា និងភាពធ្ងន់ធ្ងរនៃជំងឺគ្រុនឈាមក្នុងវ័យកុមារ និងមនុស្សពេញវ័យគឺមិនខុសគ្នាខ្លាំងនោះទេ ព្រោះអាយុមិនមែនជាការកំណត់ឱ្យដឹងពីអាការៈច្បាស់លាស់ទេ។ ប៉ុន្តែវាអាស្រ័យលើកត្តាជាច្រើនដូចជាភាពធ្ងន់ធ្ងរខុសៗគ្នានៃប្រភេទក្រុនឈាមនីមួយៗ រួមទាំងហ្សែនរបស់មនុស្សម្នាក់ៗដែលមិនដូចគ្នាផងដែរ ក្នុងនោះសូម្បីតែឈឺដោយជំងឺគ្រុនឈាមដូចគ្នា ក៏មានរោគសញ្ញានៃភាពធ្ងន់ធ្ងរមិនដូចគ្នាដែរ។

ប៉ុន្តែក្នុងករណីភាគច្រើនអ្នកជំងឺគ្រុនឈាម នឹងមានរោគសញ្ញាដំបូងដូចគ្នាដូចខាងក្រោម៖

១. ក្តៅខ្លួនខ្លាំងលើសពី ៣៨អង្សាសេ

២. ឈឺខ្លួន មនុស្សខ្លះមានការឈឺចាប់ដល់ឆ្អឹង

៣. ចង្អោរ ក្អួត បាត់បង់ចំណង់អាហារ

៤. ស្នាមអុចក្រហមលើស្បែក វាជាចំណុចឈាមតូចៗដែលរាលដាលតាមដៃ ជើង និងក្លៀក

ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃបន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖

១. ការហូរឈាមនៅក្នុងភ្នែក(Hémorragie Conjonctivale)

២. ហូរឈាមតាមច្រមុះ

៣. ស្នាមជាំនៅលើស្បែក

៤. ប្លាកែតចុះទាប

៥.​ លាមកមានឈាម

អាការនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ ប្រសិនព្យាបាលបានត្រឹមត្រូវ

រយៈពេលនៃជំងឺគ្រុនឈាម

ជំងឺ គ្រុនឈាម អាច បែងចែក ជា ៣ ដំណាក់កាល គឺ

ដំណាក់កាល ទី ១ គ្រុនក្តៅ ខ្លាំងដែលមិនគ្រោះថ្នាក់ ប៉ុន្តែអាចធ្វើឱ្យអ្នកជំងឺអស់កម្លាំង ហត់នឿយ ក្អួត ញ៉ាំតិច។

ដំណាក់កាល ទី២ គឺអ្នកជំងឺភាគច្រើន បន្ទាប់ពីឆ្លងផុតដំណាក់កាលទី១ នឹងឈានចូលដល់ដំណាក់កាលនៃការជាសះស្បើយឡើងវិញ ដែលរាងកាយនឹងកាន់តែមានរឹងមាំបន្តិចម្តងៗ រហូតដល់វាត្រឡប់មកសភាពធម្មតាវិញ។

ដំណាក់កាល ទី៣ ដោយអ្នកជំងឺមួយភាគតូចចូលដល់ដំណាក់កាលសំខាន់ ដែលជាដំណាក់កាលគ្រោះថ្នាក់បំផុត នៅពេលដែលគ្រុនក្តៅខ្លាំង និង ឈានចូលដំណាក់កាលបែកគ្រាប់ឈាម ឬឈាមចូលដល់សង្គ្រោះបន្ទាន់ ដែលវាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។

ការកំណត់រោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ អាចត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាម នេះនៅក្នុង ឈាមអ្នកជំងឺ (PCR) ឬដោយការកំណត់រកពពួក អង់ទីហ្សែន (NS1) និងពពួកអង់ទីករ (IgM, IgG) របស់មេរោគនេះ នៅក្នុងឈាមអ្នកជំងឺ។

ក្នុងករណីដែលអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ (ហើយដែលជាពិសេសអាការៈនោះកើតមានឡើងក្នុងរដូវភ្លៀង) គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើ រោគវិនិច្ឆ័យ ពិតប្រាកដនៃជំងឺនេះ ឲ្យបាន ឆាប់រហ័ស ដើម្បី ទទួលបាននូវការព្យាបាលដែលសមស្របមួយ។

វិធីព្យាបាលជំងឺគ្រុនឈាម

សម្រាប់អ្នកជំងឺដែលទើបតែមានគ្រុនក្តៅ ត្រូវបានគេណែនាំឱ្យសម្រាកឱ្យបានច្រើន ផឹកទឹក ញ៉ាំអាហារទន់ៗ អាចលេបថ្នាំប៉ារ៉ាសេតាមុលបាន ហើយមិនគួរប្រើថ្នាំ ibuprofen ឬអាស្ពីរីនទេ ប្រសិនបើអ្នកជំងឺគ្រុនក្តៅរយៈពេល ៣-៤ ថ្ងៃហើយមិនធូរស្រាល គ្រូពេទ្យនឹងគូសឈាមដើម្បីកំណត់ថាគាត់មានគ្រុនឈាមឬអត់។

ប្រសិនបើឈាមត្រូវបានធ្វើតេស្តហើយរកឃើញថាប្លាកែតមានកម្រិតទាប គ្រូពេទ្យ នឹងណែនាំអ្នកឱ្យស្នាក់នៅមន្ទីរពេទ្យដើម្បីបញ្ចូលឈាម និងតាមដានសញ្ញាសំខាន់ៗរបស់អ្នកជំងឺឱ្យបានដិតដល់ ព្រោះអ្នកជំងឺអាចឈានចូលដំណាក់កាលធ្ងន់ធ្ងរបានគ្រប់ពេល បច្ចុប្បន្នមិនមានថ្នាំប្រឆាំងមេរោគជាក់លាក់សម្រាប់ជំងឺគ្រុនឈាមទេ គឺគេព្យាបាលតាមអាការៈ។

តើជំងឺក្រុនឈាមអាចកើតត្រឡប់មកលើអ្នកជំងឺចាស់វិញទេ

ដូចបានរៀបរាប់ខាងលើ ជំងឺគ្រុនឈាមមាន៤ប្រភេទ ដូច្នេះហើយ មនុស្សម្នាក់អាចកើតជំងឺគ្រុនឈាមបានដល់ទៅ៤ដង។

ឧទាហរណ៍៖ ប្រសិនបើអ្នកបានកើតជំងឺគ្រុនឈាមប្រភេទទី១ ហើយជាសះស្បើយ រាងកាយរបស់អ្នកនឹងមានភាពស៊ាំនឹងជំងឺគ្រុនឈាមប្រភេទទី១ ដែលមិនមានការឆ្លងជំងឺប្រភេទទី១វិញទេ។ ប៉ុន្តែអ្នកមានឱកាសនៃការមានជំងឺគ្រុនឈាមប្រភេទផ្សេងទៀត ហើយភាគច្រើននៃអ្នកជំងឺដែលកើតជំងឺគ្រុនឈាមដំបូងបានឆ្លងមេរោគ គឺរោគសញ្ញាគឺស្រាល។ ប៉ុន្តែប្រសិនបើអ្នកឆ្លងជាលើកទីពីរនោះ រោគសញ្ញារបស់អ្នកជំងឺខ្លះអាចនឹងកាន់តែធ្ងន់ធ្ងរជាងមុន ប៉ុន្តែនេះកើតមានតែចំពោះមនុស្សមួយចំនួនតូចប៉ុណ្ណោះ។

វិធីការពារជំងឺគ្រុនឈាម

ជំងឺ គ្រុនឈាម បង្កឡើង ដោយមូសខ្លាជា ដូច្នេះ គួរគេងក្នុងមុង ពាក់អាវដៃវែង ខោជើងវែង ប្រើថ្នាំបាញ់ម៉ូស ឬថ្នាំលាបលើស្បែកជាដើម។ សម្រាប់កន្លែងចិញ្ចឹមមូសគួរតែត្រូវបានលុបបំបាត់ចោល ទាំងក្នុងផ្ទះ និង សហគមន៍។ ដោយអ្នកគួរតែបិទគម្របធុងទឹកទាំងអស់ ការពារមូសពីការពង  ផ្លាស់ប្តូរទឹកក្នុងធុងរៀងរាល់សប្តាហ៍  ហើយចូលរួមថែរក្សាអនាម័យ និងកែសម្រួលបរិស្ថានជុំវិញផ្ទះ ឱ្យមិនមានធុងត្រាំទឹក ដូចជាសំបកកង់រថយន្ត កំប៉ុង និងចានចាស់ៗដែលបន្សល់ទុកមិនប្រើប្រាស់៕ ប្រភព៖ RAMA