ភ្នំពេញ៖ លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានសម្រេចចិត្តសាលក្រមផ្តន្ទាទោស អតីតយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន ដាក់ពន្ធនាគារ ១ឆ្នាំថែមទៀត លើបទល្មើស «ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហារបង្កាច់កេរ្តិ៍»

ប្រភពដដែលបន្ថែមថា បក្ខពួកម្នាក់ទៀតឈ្មោះ សូ បិនឡា ក៏ត្រូវបានផ្តន្ទាទោសដូចគ្នាដែរ និងបង្គាប់ឲ្យរួមគ្នាសងជំងឺចិត្ត ដល់ដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ១០លានរៀល។ ជាមួយគ្នានេះ ឈ្មោះ ធី សូចន្នា ត្រូវបានពិន័យប្រាក់ ១លានរៀល ពីបទបរិហារបង្កាច់កេរ្តិ៍។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ ក៏បានប្រកាសផ្តន្ទាទោសលើសំណុំរឿងចំពោះជនជាប់ចោទចំនួន២នាក់ ម្នាក់គឺជា អតីតយោធាផ្កាយ២ នៅក្រសួងការពារជាតិមានឈ្មោះ សូយ ចាន់សឿន និងគូកនម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងបណ្តឹងបរិហាបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០។

តាមការសម្រេចរបស់ចៅក្រម គឺសម្រាប់អតីតយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន ត្រូវជាប់ពន្ធនាគារចំនួន៨ខែ និងសងជំងឺចិត្តចំនួន២០លានរៀល ខណៈបក្ខពួកម្នាក់ទៀតមានឈ្មោះ សូ បិនឡា ក៏ត្រូវបានឲ្យសងជំងឺចិត្តចំនួន២០លានរៀលផងដែរ។

ជនជាប់ចោទទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតមន្ត្រីយោធាផ្កាយ២ មានទីលំនៅផ្ទះលេខ៣១០អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ)
*ទី២៖ ឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «បរិហារបង្កាច់កេរ្តិ៍» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រ៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីសំណុំរឿងក្តីខាងលើនេះជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន នៅជាប់បណ្តឹងរបស់ស្ត្រីរងគ្រោះម្នាក់ឈ្មោះ ឌួង ហេម៉ាលីស ដែលត្រូវជាអតីតគូស្នេហ៍របស់គាត់ ដោយប្តឹងពីបទ «ហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់» ផងដែរ ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

ចំពោះសំណុំរឿងមួយនេះ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ តុលាការកំពូល បានសម្រេចតម្កល់សំណុំរឿងទុកជាបានការដដែល ពោលដូចអ្វីដែលសាលាឧទ្ធរណ៍បានសម្រេចនាពេលកន្លងទៅ៕