អន្តរជាតិ៖ ទីក្រុងកៀវ បានចោទប្រកាន់រុស្ស៊ីថា មានផែនការបំផ្លាញទំនប់វារីអគ្គិសនីនៅតំបន់ខឺសុន (Kherson) ភាគខាងកើត ជាទីដែលទាហានអ៊ុយក្រែនកំពុងឈានទៅមុខជាលំដាប់ ហើយអាជ្ញាធរដែលទីក្រុងម៉ូស្គូលើកបន្តុប បានចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់នោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euractiv នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាមួយទៅកាន់មេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងកម្លាំងរុស្ស៊ីបានជីកយករ៉ែក្នុងវារីអគ្គិសនីខាកូវកា (Kakhovka) ដោយមានចេតនាបំផ្ទុះវា ហើយប្រសិនបើពិតមែនោះ វានឹងក្លាយទៅជា «គ្រោះមហន្តរាយក្នុងទ្រង់ទ្រាយធំ»។

លោក ហ្សេលេនស្គី បានព្រមានថា មនុស្សរាប់សែននាក់នៅជុំវិញទន្លេឌីនីប្រូ (Dnipro) និងតំបន់ខាងក្រោមនឹងមានគ្រោះថ្នាក់ពីទឹកជំនន់យ៉ាងឆាប់រហ័ស ប្រសិនបើទំនប់នេះត្រូវបានបំផ្លាញ។ រីឯ ការផ្តាច់ការផ្គត់ផ្គង់ទឹកទៅភាគខាងត្បូង ក៏អាចប៉ះពាល់ដល់ប្រព័ន្ធរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលជារោងចក្រដ៏ធំបំផុតរបស់តំបន់អឺរ៉ុបផងដែរ។ ហើយប្រឡាយគ្រីមៀខាងជើង ដែលផ្តល់ការផ្គត់ផ្គង់ទឹកដ៏សំខាន់ដល់តំបន់គ្រីមៀ អាចនឹងត្រូវបំផ្លាញចោល។

បើតាមទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដុលយ៉ាក់ (Mykhailo Podolyak), គោលដៅរបស់រុស្ស៊ី គឺដើម្បីបញ្ឈប់ការឈានទៅមុខរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ខាងលើនេះ និងការពារទាហានរុស្ស៊ី៕