បរទេស៖ រថយន្តដឹកប្រេងមួយគ្រឿង បានក្រឡាប់ធ្លាក់ចូលផ្លូវរថភ្លើង ហើយបណ្ដាលឱ្យមានភ្លើងឆាបឆេះក្នុងផ្លូវរថភ្លើង និង ផ្ទះប្រជាពលរដ្ឋក្បែរនោះយ៉ាងសន្ធោសន្ធៅ។ អាជ្ញាធរត្រូវប្រញាប់ប្រញាល់ជម្លៀសមនុស្សជិត ១.០០០ នាក់ចេញពីតំបន់កើតហេតុទៅកាន់ទីសុវត្ថិភាព។

នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានករណីគ្រោះអគ្គិភ័យបណ្ដាលមកពីរថយន្តដឹកប្រេងមួយបានកើតឡើង ដោយឧបទ្ទវហេតុនេះបានកើតឡើងនៅកណ្តាលទីក្រុង Aguascalientes នៅចំកណ្តាលប្រទេសម៉ិកស៊ិក។

ប្រភពដដែលបានបញ្ជាក់ថារថយន្តដឹកប្រេងបានបាត់បង់ការគ្រប់គ្រង ហើយបានធ្លាក់ចូលទៅក្នុង ស្ពានអាកាស  បង្កឱ្យមានការផ្ទុះ និង ឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ហើយពពកខ្មៅក្រាស់ហោះអណ្ដែតដែលគ្របដណ្តប់តំបន់ទាំងមូលតាមបណ្តោយផ្លូវរថភ្លើង រួមទាំងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។

ក្នុងនោះមានរថភ្លើងដឹកទំនិញមួយបានបើកឆ្លងកាត់អណ្តាតភ្លើងនៅក្នុងតំបន់ ខណៈម្ចាស់រថយន្តជាច្រើនបានចតនៅភ្លើងស្តុបក្បែរក្នុងកន្លែងកើតហេតុ មានទាំងដឹកកូន និង ចៅបានប្រញាប់ប្រញាល់នាំគ្នាចុះពីរថយន្តគេចខ្លួនពីរកទីមានសុវត្តិភាព ខណៈ អាជ្ញាធរប្រចាំតំបន់បានបញ្ជាឲ្យជម្លៀសមនុស្ស ជិត ១ ពាន់នាក់នៅតំបន់ក្បែរនោះ ដើម្បីការពារហានិភ័យដែលអាចកើតមាន។

បន្ថែមពីនោះជាសំណាងល្អមិនទាន់មានសេចក្តី រាយការណ៍ថាមានមនុស្សស្លាប់ ឬរងរបួសពី ឧបទ្ទវហេតុនេះឡើយ។

ទោះជាយ៉ាងណាប្រធានផ្នែកពន្លត់អគ្គីភ័យ Aguascalientes លោក Miguel Murillo បាននិយាយថា មនុស្សប្រហែល ៨០០ ទៅ ១,០០០ នាក់ត្រូវជម្លៀសចេញជាបន្ទាន់  បន្ទាប់ពីភ្លើងបានរីករាលដាលយ៉ាងខ្លាំងក្លា ហើយចាប់ផ្ដើមរាលដាលដល់ផ្ទះអ្នកនៅក្បែរនោះ។ មន្ត្រីបានជួយសង្គ្រោះមនុស្ស ១២ នាក់ ពីផ្ទះដែលត្រូវភ្លើងឆេះ និងមិនមានមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរទេ។ ហើយអ្នកបើកបររថយន្តដឹកប្រេងត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ប្រភព៖ Thairath