បរទេស៖ ក្លាយជារឿងដ៏កម្រមួយក្រោយពីប៉ូលិសអាហ្វ្រិកខាងត្បូងបានរាយការណ៍ពីសត្វកវែង មួយក្បាលបានជាន់ទារកអាយុ ១៦ ខែរហូតដល់ស្លាប់នៅក្នុងតំបន់ភាគខាងកើតនៃប្រទេស។ ដែលកម្រមានហេតុការណ៍គ្រោះថ្នាក់ដល់មនុស្ស សម្រាប់ថនិកសត្វដែលខ្ពស់ជាងគេនៅលើពិភពលោកនៃសត្វប្រភេទនេះ។

នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុង Durban  អាហ្រ្វិកខាងត្បូង អំពីការវាយប្រហារដោយសត្វកវែងបានកើតឡើងនៅកសិដ្ឋានចិញ្ចឹមសត្វ វាស្ថិតនៅចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងកំពង់ផែ Durban ។

ហេតុការណ៍នេះត្រូវបានអ្នកនាំពាក្យប៉ូលិសអាហ្រ្វិកខាងត្បូងលោក Nkobilee Kwala បាននិយាយថា មានម្តាយអាយុ ២៥ ឆ្នាំ និងកូនស្រីអាយុ ១៦ ខែរបស់នាងត្រូវបានវាយប្រហារដោយសត្វករវែង ដោយការជាន់ឈ្លី។

ក្នុងឧបទ្ទវហេតុនេះបានបណ្ដាលឱ្យម្ដាយកូនមានរបួសយ៉ាងធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ប៉ុន្តែជាអកុសល្យ ក្រោយមកកូនដែលជាទារកអាយុ១៦ខែបានស្លាប់ និងម្តាយរបស់ទារកស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការថែទាំវេជ្ជសាស្រ្តផងដែរ។

យ៉ាងណាមិញប៉ូលិសបានចាប់ផ្តើមស៊ើបអង្កេតរឿងហេតុនេះយ៉ាងយកចិត្តទុកដាក់ និងបញ្ជាក់ថា ករណីបែបនេះគឺមិនងាយកើតឡើងញឹកញាប់ទេ ដោយសារតែសត្វករវែងជាធម្មតាវាមិនងាយវាយប្រហារមនុស្សទេ៕ ប្រភព៖ dailynews