អន្តរជាតិ៖ ប្រធានាធិបតីម៉ាដាហ្កាស្កា បានបណ្ដេញរដ្ឋមន្ត្រីការបរទេសរបស់លោកចេញពីតំណែង ដោយសារតែបានបោះឆ្នោតថ្កោលទោស ការកាត់យកទឹកដីអ៊ុយក្រែនចំនួន ៤តំបន់ ដោយខុសច្បាប់ពីសំណាក់រុស្ស៉ី នៅឯអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ពីររូប នៃការិយាល័យប្រធានាធិបតីម៉ាដាហ្កាស្កា លោក អាន់ឌ្រី រ៉ាចូលីណា (Andriy Rajoelina) បានឱ្យដឹងទៀតថារដ្ឋមន្ត្រីការបរទេសម៉ាដាហ្កាស្កា លោក រីឆាដ រេនឌ្រីយ៉ាម៉ាន់ត្រាតូ (Richard Randriamandrato) ត្រូវបាន បណ្ដេញចេញពីតំណែង ដោយសារតែលោកស្ថិតនៅក្នុងចំណោមអ្នកដែលបោះឆ្នោតគាំទ្រដំណោះស្រាយ UN ថ្កោលទោសរុស្ស៉ី។ ប៉ុន្តែលោក រេនឌ្រីយ៉ាម៉ាន់ត្រាតូ (Randriamandrato) មិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញសេចក្ដីរាយការណ៍របស់រ៉យទ័រ Reuters​ នោះទេ។

គួរបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលម៉ាដាហ្កាស្កា បានប្រកាន់យកគោលជំហរអព្យាក្រឹតជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ នៅក្នុងការបោះឆ្នោតនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន ម៉ាដាហ្កាស្កាដបែរជាមានឈ្មោះនៅក្នុងចំណោមប្រទេសចំនួន១៤៣ នៃសមាជិកសរុបទាំង១៩៣របស់ UN ដែលបាន បោះឆ្នោតថ្កោលទោសរុស្ស៉ី ខណៈ៣៥ប្រទេសបោះឆ្នោតអនុបវាទ ហើយរុស្ស៉ី បេឡារុស កូរ៉េខាងជើង ស៊ីរី និងនីការ៉ាហ្កា បោះឆ្នោតជំទាស់៕