អន្តរជាតិ៖ ការពីថ្ងៃព្រហស្បតិ៍ ទី៦តុលា នៅថៃ មានការបាញ់រះ​ និង​ចាក់​នឹងកាំបិត សម្លាប់​មនុស្ស​ ៣៧នាក់ ក្នុងនោះមានកុមារ ២២ នាក់ ​ បន្ទាប់ពីបាន​ប្រព្រឹត្តិអំពើ​ឃោរឃៅ​បង្ហូរឈាម​នេះរួច បុរស​ជន​ដៃដល់​ ដែលជាអតីត​នគរបាល​ថៃ បាន​បើកឡាន​បុក​មនុស្ស​តាម​ដងផ្លូវ​​បន្ថែមទៀត មុន​នឹងទៅ​សម្លាប់​ប្រពន្ធ-កូន រួ​ច​ធ្វើ​អត្តឃាតសម្លាប់​ខ្លួន​ឯង​។ នេះបើតាម​ប្រភព​ពី​ស្នងការ​នគរបាល​ថៃ ប្រចាំ​នៅ​តំបន់​កើត​ហេតុ។​

ហេតុការណ៍សោកនាដកម្ម​នេះ កើតឡើងនៅមណ្ឌល​​ថែទាំក្មេងតូច ​​ប៉ែក​ខាង​ជើងនៃផ្ទៃ​​ប្រទេសថៃ ​ ​វេលាម៉ោង​១២និង​៣០នាទី​ ថ្ងៃត្រង់​ ម៉ោង​ក្នុង​ស្រុក​​។ តុល្យការ​បឋម ប្រភព​ពី​ប៉ូលិស​ថៃ​ ក្នុងខេត្ត​ ណង បួរ ឡាំភូ​ (Nong Bua Lamphu) គឺ ​នៅ​កន្លែងកើត​ហេតុ​ ​​ ​មាន​កុមារ​​ យ៉ាងតិច ​២៣នាក់​ស្លាប់។ ​ពួក​គេ​មាន​អាយុ​ ២-៣ឆ្នាំតែប៉ុណ្ណោះ។ ​

ជន​ដៃដល់ បាន​បើកឡា​ន​បុក​អ្នក​ដំណើរនិង​អ្ន​កជិះ​ម៉ូតូ​បណ្តាលឲ្យ​របួស​ថែមទៀត​ មុន​នឹង​ទៅសម្លាប់​ប្រពន្ធ​និង​កូន​ខ្លួន​ឯង​ ហើយ​និង​បាញ់​សម្លាប់​ខ្លួន។ ខ្មាន់​កាំភ្លើង​ ឈ្មោះ ប៉ានយ៉ា ខេមរ៉ាប់ Panya Khamrab មាន​អាយុ​៣៤ឆ្នាំ​ គឺជា​អតីត​ប៉ូលិស ដែលត្រូវ​គេ​បញ្ឈប់​ពីការ​ងារ​ កាលពី​ឆ្នាំទៅមិញ ពីព្រោះតែមាន​​ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។ បញ្ហាគ្រឿង​ញៀន​នៅស្រុក​ថៃ ត្រូវ​អង្គការ​សហប្រជាជាតិ​ដែល​ធ្វើការ​លើបញ្ហា​នេះ បាន​ថ្កោលទោសព្រះ​​រាជាណាចក្រ​​ថៃ ថាជាប្រទេស​មួយ​ដែល​មាន​ការ​ចរាចរណ៍សារធាតុញៀន​​និង​ផលិតគ្រឿងញៀន​​ច្រើន គឺស្ទើរតែច្រើន​ជាងគេ​​នៅ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ ថៃ ក៏​ជាប្រទេស​មួយ​ដែល​គេ​ត្រូវ​ថា មាន​ការ​ចរាចរណ៍​អាវុធ​ដោយ​ធូររលុងដែរ​។

ភ្លាមៗក្រោយ​កើត​ហេតុ​បង្ហូរឈាម​នេះ លោក ប្រាយុទ្ធ ចាន់អូរចា បានថ្កោលទោស​អំពើ​ឃាតកម្ម​នេះ​ថា«​ព្រៃផ្សៃបំផុត» ហើយ​​លោក​បានថ្លែង​ក្តីសោកស្តាយ​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​ជន​រងគ្រោះ។​ ទន្ទឹម​នឹង​គ្នា​នេះ​ លោកនាយករដ្ឋមន្ត្រី​ថៃ បាន​ចេញបញ្ជា​ឲ្យ​បើកការ​ស៊ើប​អង្កេត​ជាបន្ទាន់។ នេះបើផ្អែក​តាម​ខ្លឹមសារ​ក្នុងគណនី​ហ្វេសបុក​របស់​លោកប្រមុខរដ្ឋាភិបាល​ថៃ។​

ហេតុការណ៍​ដ៏​ស្លុត​រន្ធត់​ នៅពេល​នេះ ដែល​វាបង្កដោយ​អតីត​ប៉ូលីស គឺ​នាំឲ្យ​កាសែត​ក្នុងស្រុក​និងសាធារណមតិ​ថៃ នឹកទៅ​ដល់​ការ​បាញ់​រះសម្លាប់​មនុស្ស​ ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មណ្ឌល​ពាណិជ្ជកម្ម​ ណាខន រាជាស៊ីម៉ា (Nakhon Ratchasima) ដែល​សម្លាប់មនុស្ស​២៩នាក់។ ការ​បាញ់​រះ​កាលនោះ គឺ​បង្កដោយ​ប៉ូលិសម្នាក់ដែរ អាយុ​៣១ឆ្នាំ ដែល​​បាន​ឈ្លោះទាស់​ទែង​គ្នា​ជាមួយ​ចៅហ្វាយ​នាយ​ថ្នាក់លើរបស់ខ្លួន​។​ នៅ​គ្រានោះ លោកប្រមុខ​រដ្ឋាភិបាលថៃ​ ​​ធ្លាប់​បាន​ប្រកាស​ចាត់ទុកថា នោះ​​ជាអំពើ​ឃោរឃៅព្រៃផ្សៃអាក្រក់​​បំផុត​មិនធ្លាប់​ជួបទាល់តែសោះ​ ហើយ​រូបលោកមិនចង់​ឃើញ​រឿង​សោកនាដកម្ម​បែបនេះ កើត​ឡើង​ជាថ្មីទេ។ ប៉ុន្តែ ថ្ងៃព្រហស្បតិ៍​​នេះ រឿងស្លុត​រន្ធត់​ ដែល​គេ​មិន​ចង់​ឃើញ គឺ​​បាន​ផ្ទុះឡើង​ម្តងទៀត៕