អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ ជុំវិញករណីទឹកស៊ីរ៉ូសម្រាប់កុមារ ដែលមានអាការក្អក និងផ្ដាសាយចំនួន ៤ ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឱសថម៉ៃឌែន (Maiden) របស់ប្រទេសឥណ្ឌា ដោយបានព្រមានថា ទឹកស៊ីរ៉ូទាំងនោះមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារចំនួន ៦៦ នាក់ នៅក្នុងប្រទេសហ្គាំប៊ី។ ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះ បានព្រមានថា ទឹកស៊ីរ៉ូដែលមានមេរោគអាចត្រូវបានគេចែកចាយទៅប្រទេសហ្គាំប៊ី ហើយវាក៏មានលទ្ធភាពខ្ពស់ ដែលទឹកស៊ីរ៉ូទាំងនោះបែកធ្លាយទៅទូទាំងសកល នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ CNA ។

ក្រោយពេលទទួលបានព័ត៌មានពីអង្គការសុខភាពពិភពលោក មន្ត្រីឥណ្ឌាបានបើកការស្រាវជ្រាវជាបន្ទាន់ដល់ក្រុមហ៊ុនផលិតថ្នាំព្យាបាលសេរ៉ូបំបាត់ក្អក ប៉ុន្តែមិនទាន់បានលើកឡើងពីករណីខាងលើនោះឡើយ ។

នៅពេលនេះឥណ្ឌាបានរង់ចាំភស្តុតាងពីអង្គការ WHO ពីការជាប់ពាក់ព័ន្ធរវាងសេរ៉ូក្អករបស់ឥណ្ឌា នឹងការស្លាប់កុមាររាប់សិបនាក់នៅហ្កំប៊ី (Gambia) ។ មន្ត្រីសុខាភិបាលរបស់ហ៊ូ WHO បានបញ្ជាក់ថា ប្រភេទថ្នាំនោះអាចបណ្តាលឱ្យខូចតម្រងនោម។

ប្រមុខអង្គការហ៊ូ (WHO) លោក ថេដ្រូស (Tedros) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ផលិតផលសេរ៉ូបំបាត់ក្អកនិងផ្តាសាយទាំង៤ប្រភេទខាងលើ ដែលរួមមាន ប្រូម៉េតហាស៊ីន ឱរ៉ាល់ សូលូសិន (Promethazine Oral Solution) , កូហ្វីចម៉ាលីន បេប៊ី ខច ស៊ីរ៉ាប់ (Kofexmalin Baby Cough Syrup), ម៉ាកូហ្វ បេប៊ី ខច ស៊ីរ៉ាប់ (Makoff Baby Cough Syrup) និង ម៉ាគ្រីន អែន ខូល ស៊ីរ៉ាប់ (Magrip N Cold Syrup) គឺប្រហែលមានជាប់ទាក់ទងនឹងករណីជំងឺតម្រងនោមស្រួចស្រាវ ព្រមទាំងការស្លាប់ចំនួន៦៦នាក់ក្នុងចំណោមកុមារនៅប្រទេសហ្កំប៊ី។

បើតាមលោក ថេដ្រូស អង្គការសុខភាពពិភពលោកកំពុងធ្វើការស៉ើបអង្កេតស៉ីជម្រៅបន្ថែមជាមួយក្រុមហ៊ុនឱសថ ម៉ៃដិន ផ្ទាល់ ព្រមទាំងអាជ្ញាធរនិយតកម្មផ្នែកសុខាភិបាលរបស់ឥណ្ឌា។ ទន្ទឹមគ្នា នោះហ៊ូ (WHO) ថែមទាំងបានព្រមានថា ផលិតផលថ្នាំសេរ៉ូទាំងអស់នេះ ក៏អាចត្រូវបានចែកចាយនៅក្រៅប្រទេសហ្កំប៊ីផងដែរ៕