បរទេស៖ ក្រុមមន្ត្រីរុករកនៅក្នុងប្រទេសនេប៉ាល់បានរកឃើញសាកសព ស្ត្រីអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់ ដែលបានបាត់ខ្លួនកាលពីថ្ងៃចន្ទ ក្រោយពីនាងបានជិះស្គីចុះពីលើកំពូលភ្នំដ៏ខ្ពស់ហិម៉ាឡៃ។ ហើយសាកសពរបស់នាងត្រូវបានគេរកឃើញនៅលើភ្នំក្នុងរយៈកម្ពស់ ៦.០០០ ម៉ែត្រ។

នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍ពីរសារព័ត៌មាន BBC បានឱ្យដឹងថា ក្រុម រុករកប្រទេសនេប៉ាល់បានស្រង់សាកសពស្ត្រីជនជាតិអាមេរិកមានឈ្មោះថា Hilary Nelson អាយុ ៤៩ ឆ្នាំ ក្រោយពីនាងបានជិះស្គីចុះពីលើកំពូលភ្នំជាមួយដៃគូរបស់នាងមានឈ្មោះ Jim Morrison មុនពេលនាងធ្លាក់ហើយបាត់ខ្លួនកាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញាកន្លងទៅ។

ក្រោយមកទើបមានការស្វែងរកពីក្រុមអ្នកជំនាញ ហើយក៏បានប្រទះឃើញសាកសពរបស់នាង នៅលើជម្រាលភាគខាងត្បូងនៃភ្នំ Manaslu  នៅរយៈកម្ពស់ប្រហែល ៦,០០០ ម៉ែត្រ និង៨.១៦៣ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រកាលពីថ្ងៃពុធមិ្សលមិញនេះ។

បើតាមការឱ្យដឹងពីក្រុមស្រាវជ្រាវនេប៉ាល់លោក Morrison បានឱ្យនិយាយថាជនរងគ្រោះអាចធ្លាក់ចូលទៅក្នុងជម្រាលជ្រោះរវាងផ្ទាំងទឹកកក។

ហើយសាកសពរបស់នាងត្រូវបានគេនាំត្រឡប់ទៅជំរំវិញ ហើយនឹងត្រូវបន្តបញ្ជូនទៅកាន់ទីក្រុង Kathmandu ក្រោយបញ្ចប់ការត្រួតពិនិត្យ និងស៊ើបអង្កេតរួចរាល់។

គួរឱ្យដឹងផងដែរថា Nelson ត្រូវបានគេចាត់ទុកថាជា អ្នកឡើងភ្នំដ៏ល្អបំផុត ម្នាក់ក្នុងជំនាន់របស់នាង ហើយនៅក្នុងឆ្នាំ ២០១៨ នាង និងលោក Morrison ក៏បានក្លាយជាមនុស្សដំបូងគេដែលបានជិះស្គីពីលើភ្នំ Lotse ក្នុងប្រទេសនេប៉ាល់ ដែលជាកន្លែងខ្ពស់បំផុតទី ៤ នៅលើពិភពលោក។

ហើយ Nelson នាងក៏ជាស្ត្រីដំបូងគេដែលបានឡើងដល់កំពូលភ្នំដែលខ្ពស់បំផុតក្នុងពិភពលោក ដូចជាភ្នំ Everest ភ្នំ Lotze បន្តគ្នាក្នុងរយៈពេល ២៤ ម៉ោង៕ ប្រភព៖ Thairath