អន្តរជាតិ៖ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ពួកគេកាលពីថ្ងៃពុធទី ២៨ ខែកញ្ញា ពោលគឺមួយថ្ងៃមុនពេលអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកស្រី កាមេឡា ហារីស (Kamala Harris) នឹងទៅដល់ទីក្រុងសេអ៊ូល។

ការបាញ់បង្ហោះនេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកបានធ្វើសមយុទ្ធយោធាមួយនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូង ដែលចូលរួមដោយនាវាផ្ទុកយន្តហោះ។ កាល​ពី​ថ្ងៃ​អាទិត្យ កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់​ទៀត​ឆ្ពោះ​ទៅ​សមុទ្រ​នៅ​ឆ្នេរ​ខាង​កើត​របស់​ពួកគេ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានបញ្ជាក់ថា៖«មីស៊ីលកាលពីថ្ងៃពុធត្រូវបានបាញ់ចេញពីតំបន់ Sunan នៃទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង ចន្លោះម៉ោង ៦:១០ ល្ងាចនិង ៦:២០ ល្ងាច (ម៉ោងនៅកូរ៉េ)។ យោធារបស់កូរ៉េខាងត្បូងបានពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្ន ហើយកំពុងរក្សាឥរិយាបថត្រៀមលក្ខណៈទុកជាមុន ខណៈពេលដែលសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក។»

ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុនក៏បានរាយការណ៍ពីការសាកល្បងមីស៊ីល ដែលសង្ស័យថាជាមីស៊ីលផ្លោង ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Toshiro Ino បានថ្កោលទោសថា មិនអាចទទួលយកបាន។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖«សកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំងការបាញ់មីស៊ីលផ្លោងម្ដងហើយម្ដងទៀត បង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន តំបន់ និងសង្គមអន្តរជាតិ»។

បន្ទាប់ពីចាកចេញពីប្រទេសជប៉ុន លោកស្រី ហារីស នឹងចុះចតនៅរដ្ឋធានីកូរ៉េខាងត្បូង ហើយទៅទស្សនកិច្ចតំបន់គ្មានយោធាដែលខណ្ឌចែកបងប្អូនកូរ៉េទាំង ២ (DMZ) នៅថ្ងៃព្រហស្បតិ៍ទី ២៩ ខែកញ្ញា។ នៅក្នុងសុន្ទរកថាមួយនៅលើនាវាពិឃាត USS Howard នៅទីក្រុង Yokosuka ប្រទេសជប៉ុន លោកស្រី ហារីស បានហៅការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យថាជាផ្នែកនៃកម្មវិធីអាវុធខុសច្បាប់ ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងរំលោភលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ៕