ប្រទេសថៃ៖ នាយកដ្ឋានឧតុនិយមក្នុងប្រទេសថៃបានធ្វើ សេចក្តីប្រកាសលេខ ១៩ ពីព្យុះណូរុ (Noru) ចូលប្រទេសថៃ ដោយព្រមានប្រជាជនក្នុងខេត្តចំនួន ៦៤ ជាពិសេសនៅតំបន់ភាគកណ្តាល ឱ្យមានការប្រុងប្រយ័ត្នទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ ដែលអាចកើតមានឡើងពីឥទ្ធិពលព្យុះនេះ។

នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៥.០០នាទីព្រឹក នាយកដ្ឋានឧតុនិយមក្នុងប្រទេសថៃ បាន ចេញសេចក្តីប្រកាសលេខ១៩ ដោយមានសេចក្ដីលម្អិតថានៅ ម៉ោង ៤.០០ ទៀបភ្លឺ ព្យុះណូរូ ​បានសំដៅ និង ផ្ដោតសំខាន់នៅក្នុងតំបន់ ស្រុកខាំឃៀនកែវ ខេត្តយៈសោធន នៅរយៈទទឹង ១៥.៦ ដឺក្រេភាគខាងជើង បណ្តោយ ១០៤.២ ដឺក្រេភាគខាងកើត ជាមួយនឹងល្បឿនខ្យល់អតិបរមាប្រមាណ ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ខ្យល់ព្យុះនេះកំពុងផ្លាស់ទីទៅភាគពាយព្យបន្តិចម្ដងៗ ជាមួយនឹងល្បឿនប្រហែល ១០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងនោះវាត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាសម្ពាធទាបខ្លាំងនៅដំណាក់កាលបន្ទាប់។ លើសពីនេះ ខ្យល់មូសុង និរតី ដែលបោកបក់លើសមុទ្រ Andaman ភាគខាងត្បូង និង ឈូងសមុទ្រថៃ មានកម្លាំងខ្លាំងខុសធម្មតា។

ដោយវាអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន ដូចជាតំបន់ខ្លះនៅភាគខាងជើង ភាគឦសាន ភាគកណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញភាគខាងកើត ព្រមទាំងភាគខាងត្បូងនៃប្រទេស។

អាស្រ័យហេតុនេះនាយកដ្ឋានឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ពីភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់រាយប៉ាយពេញប្រទេស ហើយអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ ជាពិសេសនៅតំបន់ជម្រាលភ្នំ និងតំបន់វាលភក់ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋ រស់នៅតាមឆ្នេរ សូមប្រយ័ត្នចំពោះគ្រោះថ្នាក់នៃរលកបោកបក់ខ្លាំង៕ ប្រភព៖ Kapook