អន្តរជាតិ៖​ ប្រទេស​អ៊ុយក្រែន​បាន​ជំរុញ​បណ្ដា​ប្រទេស​ដែល​គាំទ្រ​ខ្លួន​ឱ្យ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ចំពោះ​ប្រទេស​រុស្ស៊ី​ថា «ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ភ្ជាប់​យក [ដែនដី​របស់​អ៊ុយក្រែន] ការ​គំរាមកំហែង និង​ការ​ដាក់​ឱសានវាទ [ចំពោះ​រឿង​នេះ]» នឹង​មានតែ​ធ្វើ​ឱ្យ​មាន​ការ​គាំទ្រ​បន្ថែម​ទៀត​ចំពោះ​ប្រទេស​អ៊ុយក្រែន​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​សង្គ្រាម​ដែល​រុស្ស៊ី​បាន​ចាប់ផ្ដើម​តាំងពី​ខែ​កុម្ភៈ​កន្លង​មក​នេះ។

ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ប្រទេស​អ៊ុយក្រែន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប អង្គការ​អូតង់ (NATO) និង​ក្រុម​ប្រទេស G-7 ឱ្យ​បង្កើន​ការ​ដាក់​សម្ពាធ​ឱ្យ​បាន​ឆាប់​និង​ក្រាស់ក្រែល​លើ​ប្រទេស​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ធ្ងន់ធ្ងរ [លើ​រុស្ស៊ី] និង​ការ​បង្កើន​ឱ្យ​បាន​ច្រើន​គួរសម​នូវ​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន​ផងដែរ»។

ការ​អំពាវនាវ​របស់​អ៊ុយក្រែន​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា គេ​ត្រូវតែ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​រុស្ស៊ី​នៅ​ឯកោ​នៅ​លើ​ឆាក​អន្តរជាតិ​ទាក់ទិន​នឹង​ការ​ធ្វើ​ប្រជាមតិ​ក្លែងក្លាយ​របស់​ប្រទេស​នេះ​ដើម្បី​ភ្ជាប់​យក​ដែនដី​របស់​អ៊ុយក្រែន។

លោក Zelenskyy បាន​ថ្លែង​តាម​វីដេអូ​ដូច្នេះ​ថា៖ «មាន​វិធី​តែ​មួយ​គត់​ដើម្បី​បញ្ឈប់​រឿង​នេះ​ទាំងស្រុង។ ដំបូង គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​រុស្ស៊ី​ស្ថិត​ក្នុង​ភាព​ឯកោ​ទាំងស្រុង ដើម្បី​ឆ្លើយតប​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ប្រទេស​នេះ​បាន​ធ្វើ»។

លោក Zelenskyy បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​រុស្ស៊ី​អាច​នឹង​ភ្ជាប់​យក​ដែនដី​របស់​អ៊ុយក្រែន បន្ទាប់ពី​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ក្នុង​តំបន់ ៤ ដែល​ត្រួតត្រា​ឬ​កាន់កាប់​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​អំពី​ការ​ភ្ជាប់​ខ្លួន​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​អង្គារ។

លោក​និយាយ​ដូច្នេះ​ថា៖ «ការ​ភ្ជាប់​យក​ណា​មួយ​នៃ​ដែនដី​ដែល​រុស្ស៊ី​បាន​ដណ្ដើម​កាន់កាប់​ទាំង​នេះ…គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ នេះ​គឺ​ជា​ការ​ប៉ុនប៉ង​ដើម្បី​លួច​ទឹកដី​នៃ​ប្រទេស​មួយ​ផ្សេង​ទៀត។ នេះ​គឺជា​ការ​ប៉ុនប៉ង​ដើម្បី​បំបាត់​ចោល​នូវ​បទដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ»។

លោក Zelenskyy បាន​បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​រុស្ស៊ី​ភ្ជាប់​យក​ដែនដី​ទាំង​នេះ នោះ​វា «នឹង​មាន​ន័យ​ថា​គ្មាន​ន័យ​អ្វី​ទេ​ដែល​ត្រូវ​និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​នោះ»។

ប្រទេស​អ៊ុយក្រែន សហរដ្ឋ​អាមេរិក និង​បណ្ដា​បស្ចិម​ប្រទេស​នានា​បាន​រិះគន់​ការ​ធ្វើ​ប្រជាមតិ​ទាំង​នេះ​ថា​ខុស​ច្បាប់៕