រាជធានីភ្នំពេញ៖ នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និង ឧតុនិយមបានងជូនដំណឹឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធិពលព្យុះទី១៦ដែលមានឈ្មោះថា ព្យុះណូរុ(NORU) ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ។

ក្រសួងបានបញ្ជាក់ថា ព្យុះណូរុ ​នេះនឹងបោកបក់ទៅកាន់ប្រទេសវៀតណាមនៅវេលាម៉ោង ១យប់ ថ្ងៃទី ២៨ ហើយវានឹងធ្វើឱ្យតំបន់មួយចំនួនទទួលរងនូវឥទ្ធិពលពីព្យុះមួយនេះ ក្នុងកម្រិតជាSTS រួចវា និងបន្ថយនូវឥទ្ធិពលជាកម្រិតវិសម្ពាត TD វិញ។

ដោយព្យុះនេះ នឹងជះឥទ្ធិពលចូលមកកាន់តំបន់នៃអាងទន្លេមេគង្គ ហើយវានឹងមានឥទ្ធិពលថមថយមកសម្ពាធទាបវិញ ដោយប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃសម្ពាធទាបនោះពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងកម្រិតមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់មួយចំនួនទទួលរងឥទ្ធិពល៖

តំបន់ទំនាបកណ្ដាល

 សីតុណ្ហភាពអប្បបរមា មានពី២២ ទៅ ២៤ អង្សារសេ ហើយសីតុណ្ហាភាពអតិបរមា មានពី ៣០ ទៅ៣២ អង្សារសេ។ ដោយនៅថ្ងៃទី២៨ ដល់ ទី២៩ ខែកញ្ញា បណ្ដាខេត្តក្នុងភូមិសាស្ត្រជាប់ព្រំដែនថៃអាចមានភ្លៀងក្នុងកម្រិត ពីបង្គួរទៅច្រើនឡាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ រីឯរាជានី និងបណ្តាខេត្តដទៃទៀត ភ្លៀង និងអាចធ្លាក់ពីតិចទៅបង្គួរតែប៉ុណ្ណោះ ហើយបន្ទាប់ពីនោះភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម​។

តំបន់ខ្ពង់រាប

 សីតុណ្ហភាពអប្បបរមា មានពី ២១ ទៅ២៣ អង្សារសេ ​ហើយសីតុណ្ហាភាពអតិបរមា មានពី ២៨ ទៅ ៣១អង្សារសេ​។ ដោយនៅថ្ងៃទី២៨ ដល់ ទី២៩ ខែកញ្ញា អាចមានភ្លៀងក្នុងកម្រិត ពីបង្គួរទៅច្រើនឡាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់។ បន្តពីថ្ងៃទី៣០ ខែកញ្ញា ភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតខ្សោយទៅបង្គួរតែប៉ុណ្ណោះ។

តំបន់មាត់សមុទ្រ

 សីតុណ្ហភាពអប្បបរមា មានពី ២២ ទៅ២៤ អង្សារសេ ​ហើយសីតុណ្ហាភាពអតិបរមា មានពី ២៨ ទៅ ៣០អង្សារសេ​។ អាចមានភ្លៀងក្នុងកម្រិត ពីបង្គួរទៅច្រើនឡាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងលាយឡំខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ បន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។

យោងតាមស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែលដី និងសាធារណៈជនជ្រាបជាព័ត៌មាន និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕ ប្រភព៖ មន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ