ប្រទេសឡាវ៖ អង្កការសហប្រជាជាតិបានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី ​២៤ ខែកញ្ញា ឆ្នាំ២០២២នេះថាប៉ូលីសក្នុងប្រទេសឡាវបានធ្វើការរឹបអូសគ្រឿងញៀនខុសច្បាប់ដ៏ធំបំផុតទីបីរបស់ពួកគេដោយរកឃើញថ្នាំញៀនមេតំហ្វេតាមីនចំនួន ៣៣ លានគ្រាប់។

ទាក់ទងនឹងការរឹបអូសគ្រឿងញៀនខាងលើ លោក Jeremy Douglas តំណាងប្រចាំតំបន់នៃ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិង ឧក្រិដ្ឋកម្មបាននិយាយថា ការរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីន ៣៣លានគ្រាប់ និង ៥០០គីឡូក្រាម បានធ្វើឡើងកាលពីថ្ងៃសុក្រ នៅភាគខាងជើងនៃខេត្ត បូកែវ(Bokeo) ក្បែរកាស៊ីណូ Kings Romansប្រទេសឡាវ។

ទីតាំងនេះស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ដែលគ្រប់គ្រងដោយប្រទេសចិន ហើយអ្នកវិភាគបាននិយាយថាវាជាកន្លែងដ៏ក្តៅគគុកសម្រាប់ការជួញដូរផ្លូវភេទ និងការជួញដូរសត្វព្រៃ ព្រមទាំងការជួញដូរគ្រឿងញៀនដ៏សកម្មផងដែរ។

បន្ថែមពីនោះលោក Douglas ក៏បានបញ្ជាក់ថាការរឹបអូសថ្នាំញៀនដ៏ធំមួយនេះបានធ្វើឡើងបន្ទាប់ពីទទួលបាននូវព័ត៌មានដែលប្រមូលបាន និងឈានដល់ការអនុវត្តការចាប់បានថ្នាំមេតំហ្វេតាមីនដ៏ច្រើនហើយលោកបានបន្ថែមថាការដឹកជញ្ជូនដ៏ធំនេះមិនមានអ្វីភ្ញាក់ផ្អើលនោះទេ  ព្រោះខេត្ត បូកែវ ត្រូវ បានលិចលង់ដោយគ្រឿងញៀនយ៉ាងខ្លាំង ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងទៅនេះ។

យ៉ាងណាមិញលោក Douglas ក៏បានសម្ដែងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខនៅ ខេត្ត បូកែវ និង ខេត្តជិតខាងជាច្រើនទៀតនៃប្រទេសឡាវ ដែលពោរពេញទៅដល់ភាពអសន្តិសុខ ឧក្រិដ្ឋកម្ម ធំៗ ហើយក្រុមអ្នកជួញដូរគ្រឿងញៀនភាគច្រើន តែងប្រព្រឹត្តិនូវអ្វីដែលពួកគេចង់បានដោយមិនខ្លាចច្បាប់

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសឡាវបានក្លាយទៅជាច្រកមួយសម្រាប់ក្រុមជួញដូរគ្រឿងញៀនដែលផ្លាស់ទីចេញពីរដ្ឋ Shan របស់មីយ៉ាន់ម៉ា ឆ្លងកាត់ទន្លេមេគង្គចូលទៅក្នុងប្រទេសថៃ រួចបន្តទៅឡាវដែលជាមធ្យោបាយមួយដើម្បីចៀសវាងការល្បាតរបស់ប៉ូលិសថៃនៅតំបន់ទន្លេ៕ ប្រភព៖ bangkokpost