អន្តរជាតិ៖​ នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដំណឹង​កេណ្ឌទ័ព​ចំនួន ៣០០ ០០០នាក់​ប្រកាស​ដោយ​ប្រធានាធិបតី​លោក​ពូទីន​កាល​ពី​ថ្ងៃ​ពុធ ទី២១ កញ្ញា​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្លះ​ចាកចេញ​ពី​ប្រទេស និង​ខ្លះ​ទៀត​ផ្លាស់ទីកន្លែង​ទៅ​កាន់​កន្លែង​ឆ្ងាយ​នៅ​ជាប់​ព្រំដែន។

ក្រុម​ប្រទេស​ជិត​ខាង​រុស្ស៊ី​ជា​គោលដៅ​នៃ​ការ​ចាកចេញ​របស់​ពលរដ្ឋ​រុស្ស៊ី​ដែល​គេច​ពី​ការ​កេណ្ឌទ័ព។ នៅ​ចំពោះ​មុខ​ព្រឹត្តិការណ៍​មួយ​នេះ គណៈកម្មការ​អឺរ៉ុប​បាន​ថ្លែង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២២ កញ្ញា​ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប​មាន​ជំហរ​រួម​គ្នា​ក្នុង​ការ​ទទួល​ពលរដ្ឋ​រុស្ស៊ី។ ខណៈ​នេះ មាន​ពលរដ្ឋ​រុស្ស៊ី​ខ្លាំង​បាន​ទៅ​ដល់​ប្រទេស​ក្បែរ​ខាង ក្នុង​នោះ​មាន​ប្រទេស​ហ្វាំងឡង់​មួយ​ដែរ។

ជាមួយគ្នានេះដែរវិមានក្រឹមឡាំង បានសារភាពថាខ្លួនពិតជាមានកំហុសមែនក្នុងការប្រមូលផ្តុំអ្នកបម្រុងកងទ័ពរុស្ស៊ីដើម្បីប្រយុទ្ធនៅអ៊ុយក្រែនចំពេលមានការប្រឆាំងជាសាធារណៈកាន់តែខ្លាំងឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC

អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា មានករណីជាច្រើននៅពេលដែលក្រឹត្យនេះត្រូវបានរំលោភបំពាន ដោយលោកបានសង្កត់ធ្ងន់ថា “កំហុសទាំងអស់នឹងត្រូវបានកែតម្រូវ” ។

របាយការណ៍ជាច្រើននិយាយថា មនុស្សដែលគ្មានបទពិសោធន៍យោធា ឬចាស់ពេក មនុស្សពិការកំពុងត្រូវបានកោះឲ្យចូលរួមធ្វើសង្រ្គាម ខណៈក្រឹត្យ​ស្តីពី​ការ​ចល័ត​ទ័ព​កាល​ពី​សប្តាហ៍​មុន​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​យ៉ាង​រាលដាល។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញយោធាមួយចំនួននៅលោកខាងលិច និងអ៊ុយក្រែន និយាយថា ការសម្រេចចិត្តរបស់លោកពូទីន ក្នុងការហៅក្រុមអ្នកបម្រុងបង្ហាញថា កងទ័ពរុស្ស៊ីកំពុងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ពោលគឺជាង៧ខែ បន្ទាប់ពីទីក្រុងមូស្គូ បានបើកការឈ្លានពានរបស់ខ្លួន។

ចាប់តាំងពីការប្រកាសចលនានេះ មនុស្សជាង២,០០០នាក់​ ត្រូវបានឃុំខ្លួននៅឯការតវ៉ានៅទូទាំងប្រទេសរុស្ស៊ី ខណៈមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនជុំវិញការការតវ៉ាក្នុងចលនាមួយនេះ។

គួរបញ្ជាក់ដែលថា មុនពេលចាប់ផ្តើមការលុកលុយរបស់ខ្លួននៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានប្រមូលកងទ័ពប្រហែល ១៩០,០០០នាក់ នៅតាមបណ្តោយព្រំដែនអ៊ុយក្រែន ៕