រដ្ឋធានីតាសខែន(Tashkent)៖ ដោយសារតែក្រុងមូស្គូ កំពុងតែរងសម្ពាធយ៉ាងខ្លាំង ពីបណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត ជុំវិញសកម្មភាពសង្គ្រាម នៅអ៊ុយក្រែន ខណៈក្រុងប៉េកាំង កំពុងតែខឹងសម្បានឹងសហរដ្ឋអាមេរិក បន្ដគាំទ្រយ៉ាងខ្លាំងដល់តៃវ៉ាន់ផងនោះ ទើបធ្វើឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និង សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) មានផែនការថ្មី ចង់ផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញ ហើយអ្វីដែលមេដឹកនាំទាំង២នេះលើកឡើង ហាក់បីដូចជា មិនអាចទទួលបានជោគជ័យនោះឡើយ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែកញ្ញា ថា នៅក្នុងកិច្ចប្រជុំកំពូលក្រុមសន្ដិសុខក្នុងតំបន់ ដែលគេស្គាល់ថា ជាអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO នៅក្នុងទីក្រុងប្រវត្ដិសាស្រ្ដសាម៉ាកាន (Samarkand) ប្រទេសអ៊ុយប៊ែគីស្ថាន (Uzbekistan) នោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និង សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) បានជួបជាមួយនឹងមេដឹកនាំ នៃសមាជិក SCO រួមមាន ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន (Kazakhstan) ជីគីស្ថាន តាជីគីស្ថាន អ៊ូសប៊ែគីស្ថាន ប៉ាគីស្ថាន អ៊ីរ៉ង់ និង បេឡារុស។ មេដឹកនាំរុស្ស៊ី និង ចិន កាលពីថ្ងៃព្រហស្បតិ៍ បានជួបគ្នា ជាលើកដំបូង ចាប់តាំងពីក្រុងមូស្គូ បានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងទៅកាន់មេដឹកនាំ នៃប្រទេសជាសមាជិក SCO នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន នៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ ថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូល ដល់ពេលវេលា ត្រូវរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ហើយត្រូវតែបោះបង់ចោលនូវហ្គេមសូន្យ និង ប្លុកនយោបាយ។ ដូច្នេះ មេដឹកនាំទាំងអស់គួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍនូវសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ នៅក្នុងទិសដៅដ៏ត្រឹមត្រូវ និង សមហេតុផលជាងនេះ»។

ស្របគ្នានេះដែរ លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ក៏បានសាទរ ចំពោះការលើកឡើងរបស់មេដឹកនាំចិន។ លើសពីនេះទៅទៀត មេដឹកនាំ វិមានក្រឹមឡាំង រូបនេះ ថែមទាំងបានរិះគន់ ដល់អ្វីដែលគាត់ហៅ ជា«ឧបករណ៍ការពារនិយម ការដាក់ទណ្ឌកម្មដោយខុសច្បាប់ និង អាត្មានិយមផ្នែកសេដ្ឋកិច្ច» ថែមទៀតផង។

ប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់ ថា «តួនាទី នៃមជ្ឈមណ្ឌលអំណាចថ្មី នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក…កំពុងតែរីកចម្រើន និង កាន់តែមានភាពច្បាស់លាស់ឡើង»។

នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្ដិការសៀងហៃ (SCO) នេះ មេដឹកនាំរុស្ស៊ី និង ចិន បានបង្ហាញ ជាជម្រើសមួយ សម្រាប់ «ការផ្តោតលើការប្រឆាំងនឹងលោកខាងលិច» ខណៈក្រុងមូស្គូ កំពុងតែរងសម្ពាធយ៉ាងខ្លាំង ជុំវិញសកម្មភាពយោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចំពេលក្រុងប៉េកាំង កំពុងតែខឹងសម្បានឹងសហរដ្ឋអាមេរិក គាំទ្រយ៉ាងពេញទំហឹងដល់កោះតៃវ៉ាន់ ដែលចិនតែងតែអះអាង ជាទឹកដីរបស់ខ្លួន៕SCO Summit: Putin needs Xi Jinping's help more than ever after his setbacks in Ukraine | CNN