ប្រទេសចិន៖ នៅអគារខ្ពស់កប់ពពកដែលជាការិយាល័យរបស់ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន China Telecom កម្ពស់ ៤២ ជាន់ក្នុង ទីក្រុង Changsha ខេត្ត Hunan របស់ប្រទេសចិននៅរសៀលថ្ងៃសុក្រទី១៦ ខែកញ្ញាឆ្នាំ២០២២ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះផងដែរត្រូវបានរាយការណ៍បញ្ជាក់ថានៅដើមដំបូងភ្លើងបានឆេះពីជាន់ក្រោម មុនពេលរីករាលដាលដល់កម្រិតខ្ពស់ រហូតដល់ទីបំផុតអគារទាំងមូលបានឆេះអស់ ក្នុងពេលជាមួយគ្នានោះផ្សែងខ្មៅនិងពណ៌ប្រផេះបានហក់ឡើងលើមេឃ។

ភ្លើងបានបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីអគារ ក្នុងចំណោមកំទេចកំទីនៃអគារដែលកំពុងឆេះដែលបានធ្លាក់ចុះនៅខាងក្រោម។ នាយកដ្ឋានពន្លត់អគ្គិភ័យបានចល័តមន្ត្រីជាង២៨០នាក់និង រថយន្ត ទឹក ៣៦គ្រឿងដើម្បីពន្លត់ហេតុការណ៍នេះ រហូតដល់គ្រប់គ្រងភ្លើងបានដោយជោគជ័យនៅម៉ោងប្រហែល ៤ និង ៣០ នាទីរសៀលម៉ោងក្នុងស្រុក។

ហើយក្នុងនោះក៏មិនមានរបាយការណ៍ពីការរបួស ឬ ការស្លាប់ណាមួយត្រូវបានរកឃើញទេ ជាងនេះទៅទៀតអ្នកស៊ើបអង្កេតដំបូងរបស់សេវាពន្លត់អគ្គីភ័យខេត្ត Hunan បានបញ្ជាក់ថាជញ្ជាំងខាងក្រៅនៃ អគារត្រូវបានឆេះយ៉ាងខ្លាំង ប៉ុន្តែមិនត្រូវបានគេបង្ហាញថាមានការខូចខាតប៉ុន្មាននៅខាងក្នុងនៃអគារ នោះទេ។

យ៉ាងណាមិញ មកដល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការឆេះនេះនៅឡើយទេ ដោយអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់៕ ប្រភព៖ Thairath