រដ្ឋធានីតាសខែន(Tashkent)៖ ស្របពេល ក្រុងមូស្គូ កំពុងតែផុងខ្លួន នៅក្នុងសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវនោះ នាយករដ្ឋមន្រ្ដីឥណ្ឌា បានថ្លែងទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ថា ការធ្វើសង្គ្រាមដណ្ដើមទឹកដីគ្នា នាពេលនេះ គឺហួសសម័យហើយ។

សារព័ត៌មានរបស់ឥណ្ឌា Hindustan Times បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១៦ ខែកញ្ញា ថា នៅខាងក្រៅកិច្ចប្រជុំកំពូល នៃក្រុមសន្ដិសុខក្នុងតំបន់ ដែលគេស្គាល់ ជាអង្គការសហប្រតិបត្ដិការសៀងហៃ ហៅកាត់ SCO បានប្រារព្ធធ្វើឡើង នៅក្នុងទីក្រុងប្រវត្ដិសាស្រ្ដសាម៉ាកាន់ ( Samarkand) ប្រទេសអ៊ុយប៊ែគីស្ថាន (Uzbekistan) នោះ មេដឹកនាំឥណ្ឌា និង រុស្ស៊ី បានជួបគ្នាជាលើកដំបូង ចាប់តាំងពីរុស្ស៊ី បានលើកកងទ័ព ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នៅក្នុងជំនួបនោះ លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា បានពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ី ដោយបានលើកឡើង អំពីបញ្ហាសន្តិសុខស្បៀង ជី និង ប្រេងឥន្ធនៈ ដែលជាកង្វល់ដ៏ធំៗបំផុតរបស់ពិភពលោក នៅបច្ចុប្បន្ននេះ។

លោកនាយករដ្ឋមន្រ្ដីឥណ្ឌា បានប្រាប់ដល់ប្រធានាធិបតីរុស្ស៊ី ថា បច្ចុប្បន្ននេះ វាមិនមែន ជាយុគសម័យធ្វើសង្គ្រាម ដូចពេលមុនៗនោះឡើយ ហើយការធ្វើសង្គ្រាមដណ្ដើមទឹកដីគ្នា ក៏ហួសសម័យកាលផងដែរ។ ជាមួយគ្នានេះដែរ មេដឹកនាំឥណ្ឌា ក៏បានលើកឡើង អំពីបញ្ហាសន្ដិសុខស្បៀងអាហារ ជី និង ប្រេងឥន្ធនៈ ដែលកំពុងកា្លយជាកង្វល់ដ៏ធំបំផុតរបស់ពិភពលោក នាពេលនេះ។ ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលឥណ្ឌា និង រុស្ស៊ី ក៏បានពិភាក្សាគ្នា អំពីបញ្ហាសង្គ្រាម ដែលកំពុងតែបន្ដ នៅក្នុងប្រទេសអ៊ុយក្រែន ហើយក្រៅពីបញ្ហាទ្វេភាគី ក៏នៅមានបញ្ហាផ្សេងៗទៀត ដោយរួមទាំងបញ្ហានៅក្នុងតំបន់ និង ពិភពលោក។

លោកនាយករដ្ឋមន្រ្ដីឥណ្ឌា បានប្រាប់ដល់ប្រធានាធិបតីរុស្ស៊ី ថា «ខ្ញុំដឹងថា សម័យបច្ចុប្បន្ន គឺមិនមែនជាយុគសម័យធ្វើសង្គ្រាមដណ្ដើមទឹកដីគ្នានោះឡើយ។ ខ្ញុំក៏ធ្លាប់និយាយជាមួយលោក តាមទូរស័ព្ទ អំពីបញ្ហានេះរួចមកហើយដែរ»។

ដោយឡែក ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានឆ្លើយតប ថា «ខ្ញុំយល់អំពីកង្វល់របស់លោក មូឌី (Modi) អំពីបញ្ហាសង្រ្គាម។ ខ្ញុំដឹងអំពីជំហររបស់លោក ជុំវិញជម្លោះ នៅអ៊ុយក្រែន ហើយខ្ញុំដឹង អំពីកង្វល់របស់លោក។ យើងចង់ធ្វើឱ្យរឿងទាំងអស់នេះ ត្រូវតែបញ្ចប់ឱ្យបានឆាប់ តាមតែអ្វីដែលអាចធ្វើទៅបាន»។

នៅក្នុងសេចក្ដីថ្លែងការណ៍ នាពេលកន្លងមក ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ ថា មេដឹកនាំឥណ្ឌា និង រុស្ស៊ី បានកោតសរសើរ ចំពោះទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ រួមទាំងទំនាក់ទំនង នៅក្នុងកម្រិតផ្សេងៗទៀត។ MEA ធ្លាប់បញ្ជាក់ ក្នុងសន្និសីទសារព័ត៌មានមួយ ថា «ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានសម្តែងការអបអរ ចំពោះសារជាវីដេអូរបស់នាយករដ្ឋមន្ត្រីឥណ្ឌា នៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា (MEA) ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងទីក្រុងវ៉្លាឌីវ៉ូស្ដូក (Vladivostok) ដែលជាទីក្រុងកំពង់ផែរបស់ប្រទេសរុស្ស៊ី កាលពីដើមខែនេះ»។

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងញូវដេលី មិនបាននិយាយប្រឆាំងនឹងក្រុងមូស្គូ ជុំវិញការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នៅតាមវេទិកាណាមួយរបស់ពិភពលោកនោះឡើយ ដោយសារប្រទេសអាស៊ីខាងត្បូងមួយនេះ តែងតែជំរុញឲ្យមានដំណោះស្រាយវិបត្ដិនេះ តាមរយៈការចរចាគ្នា៕Modi to Putin: Now is 'not a time for war'