ប្រទេសជប៉ុន៖ កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានបង្ហាញថាជប៉ុនកំពុងប្រឈមនឹងវិបត្តិនៃការធ្លាក់ចុះចំនួនប្រជាជនមិនព្រមរៀបការ ជាពិសេសបុរសៗពេញវ័យ និងចាប់ពីអាយុ១៨ឆ្នាំ ដល់ ​៣៤ឆ្នាំដោយពួកគេមិនមានបំណងក្នុងការរៀបការមានគ្រួរសារ ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា នេះក៏ព្រោះតែពួកគេបារម្ភអំពីស្ថិរភាពអាជីព និងសមត្ថភាពផ្គត់ផ្គង់គ្រួសារ។

នៅក្នុងប្រទេសជប៉ុនវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គមរបស់ប្រទេសជប៉ុន បានបង្ហាញឱ្យឃើញពីការស្ទង់មតិប្រជាជនក្នុងឆ្នាំ ២០២១ បានរកឃើញថាមាន ១៧.៣ភាគរយ នៃបុរស និង ១៤.៦ភាគរយនៃស្ត្រីដែលមានអាយុពី ១៨-៣៤ ឆ្នាំមិនមានបំណងចង់រៀបការទេ ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រានៃប្រទេសនេះ។

ដោយក្នុងនោះគេបានស្ទង់មតិពីបុរសៗពេញវ័យដែលរៀបការក្នុងប្រទេសជប៉ុន ដោយពួកគេបាត់បង់ចំណង់ក្លាយជាមេគ្រួសារ និងជាជំហរគ្រួសារ ហើយបារម្ភអំពីស្ថិរភាពអាជីព និងសមត្ថភាពផ្គត់ផ្គង់គ្រួសាររបស់ពួកគេ ហើយផ្ទុយពីនេះគេរីករាយនឹងការនៅលីវប្រសើរជាង។ ខណៈពេលដែលបុរសៗមានគ្រួសារ៦.៨ភាគរយចង់ឱ្យប្រពន្ធរបស់ពួកគេធ្វើការ និងលែងចង់ឱ្យធ្វើជាស្ត្រីមេផ្ទះ ព្រមទាំងបានជំរុញឱ្យរដ្ឋាភិបាលជួយស្ត្រីឱ្យចូលធ្វើការវិញបន្ទាប់ពីមានកូនរួច និង ដោះស្រាយម៉ោងធ្វើការយូរ។

យ៉ាងណាមិញប្រភពដដែលបានរំលឹកបញ្ជាក់ថា ចាប់តាំងពីការស្ទង់មតិដំបូងបានចាប់ផ្តើមនៅឆ្នាំ ១៩៨២ មានប្រជាជនជប៉ុនតែ ២.៣ភាគរយនៃបុរសនៅលីវ និង ៤.១ភាគរយនៃស្ត្រីប៉ុណ្ណោះ ដែលពួកគេមិនចង់រៀបការ។ ខណៈពេលដែលបុរសនៅលីវចំនួន ៣៩.៤ភាគរយ ​ និងស្ត្រីចំនួន ៣៤ភាគរយបាននិយាយថាសមត្ថភាពរបស់ពួកគេអាចធ្វើឱ្យមានតុល្យភាពរវាងការងារ និងការចិញ្ចឹមកូនៗរបស់ពួកគេឱ្យមានជីវិតដ៏ល្អបាន៕ ប្រភព៖ Thairat