អន្តរជាតិ៖ ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន និងមិនធ្លាប់កត់ត្រាទុកក្នុងរយៈពេល៩០ឆ្នាំ នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា បានចាប់ផ្តើមឡើងពេញមួយយប់ថ្ងៃទី៤ បន្តចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ ទឹកភ្លៀង បានបណ្តាលឱ្យជន់លិច តំបន់នានាចំនួន ៣០ទីតាំងនៅក្នុងទីក្រុង។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera

នាយកដ្ឋានឧតុនិយមឥណ្ឌា បានប្រកាសសញ្ញាអាសន្នពណ៌លឿងក្នុងទីក្រុង និងក្នុងស្រុកមួយចំនួនក្នុងរដ្ឋ Karnataka ហើយនាយកដ្ឋាន នេះ បានព្យាករណ៍ និងព្រមានពីភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃទី ៩ ខែកញ្ញា។
ជំនន់ទឹកភ្លៀង នេះ បានបណ្តាលឱ្យ ផ្លូវក្លាយទៅជាបឹង ទន្លេ បឹងបួ ជាច្រើន បានលិចទាំងស្រុង ហើយអាងស្តុកទឹកប្រើប្រាស់ ត្រូវរងផលប៉ះពាល់ខ្លាំងផងដែរ។

ទឹកជំនន់តាមដងផ្លូវ បានបង្កឱ្យការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅតាមដងផ្លូវមួយចំនួនក្នុងទីក្រុង។ ដោយឡែក សេវាកម្មហោះហើរជាច្រើន ត្រូវបានរំខាន ដូចជា អាកាសយានដ្ឋានអន្តរជាតិ Kempegowda International Airport បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង។ ជើងហោះហើរ ចំនួន៦ ដែលធ្វើដំណើរទៅកាន់ទីក្រុង Bengaluru ពីទិសដៅផ្សេងៗត្រូវបានបង្វែរទៅអាកាសយានដ្ឋាន Chennai នេះបើយោងតាម The Hindu។ ចំណែក ជើងហោះហើរអន្តរជាតិចំនួនពីរ ក៏ត្រូវបានបង្វែរផងដែរ។

មកទល់ពេលនេះ ក្រុមអ្នកសង្រ្គោះកំពុងធ្វើប្រតិបត្តិការជួយអ្នករងគ្រោះ និងជម្លៀសប្រជាជន ដែលរងផលប៉ះពាល់​ ៕