យល់ដឹង៖ ពិតណាស់ការហូបផ្លែឈើអ្នកគ្រប់គ្នាគិតថាវាប្រាកដជាផ្ដល់ផលល្អ និងជំនួយដល់សុខភាពរាងកាយ ប៉ុន្តែសម្រាប់ផ្លែឈើមួយប្រភេទដែលមហាជនស្គាល់ថាជាផ្លែ តាំឡឹងតឹង ត្រូវបានផេកដ៏ល្បីមួយក្នុងប្រទេសថៃឈ្មោះថា Drama-addict បានបង្ហោះសារដាស់តឿនថា ផ្លែតាឡឹងតឹង គឺជាផ្លែឈើដែល បង្កគ្រោះថ្នាក់ដល់សុខភាព និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងធ្ងន់ធ្ងរ ​ហើយបើហូបច្រើនអាចបង្កឱ្យអ្នកស្លាប់បាន។

ទាក់ទងនឹងគុណវិបត្តិនៃផ្លែតាឡឹងតឹងនេះ ប្រភពដដែលបានបញ្ជាក់ថា ផ្លែតាឡឹងតឹងមានអាស៊ីត oxalic ខ្ពស់ដែលវាមានភ្ជាប់សម្ព័ន្ធជាមួយនឹងជាតិកាលស្យូម ហើយវានឹងបង្កក្លាយជាគ្រួសក្នុងតម្រងនោម ប្រសិនបើគ្រួសនោះបានធ្លាក់ចូលទៅក្នុងបង្ហួរនោមអ្នកនឹងមានការឈឺចាប់ខ្លាំង ហើយអ្នកអាចបត់ជើងមកដោយឈាម លើសពីនេះអាចបណ្តាលឱ្យខ្សោយតំរងនោមស្រួចស្រាវ(ខូចក្រលៀន) និងកើតជំងឺទឹកនោមប្រៃផងដែរ។

ជាមួយគ្នានោះសេចក្តីរាយការណ៍ពី CASE REPORT ក៏បានបញ្ជាក់ពីករណីខ្សោយតម្រងនោមដោយសារការ ទទួលទានផ្លែតាឡឹងតឹងស្រស់ ឬក្នុងបរិមាណដ៏ច្រើន ដោយវាអាចបង្កឱ្យអ្នកមានរាងកាយហើម, មុខហើម, អស់កម្លាំង, ហើមសួតនិងអាចឈានដល់ស្លាប់ផងដែរ។

ក្នុងនោះគេបានធ្វើការសិក្សារកឃើញថា ក្នុងករណីខ្លះ ក្មេងអាយុ៨ឆ្នាំ ហូបផ្លែតាឡឹងតឹង ៦ផ្លែក្នុងរដូវក្ដៅ វាអាចបង្កឱ្យក្មេងនោះខ្សោយតំរងនោមដោយស្វ័យប្រវត្តិ ទោះបីជាគេហូបវាតែម្តងក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយមានវេជ្ជបណ្ឌិតជំនាញមួយចំនួនបានចេញអនុសាសន៍សម្រាប់ការទទួលទានផ្លែតាឡឹងតឹងនេះផងដែរ៖

– កុំទទួលទាននៅលើពោះទទេ

– កុំទទួលទានក្នុងបរិមាណច្រើន

-មិនគួរបន្តទទួលទាន ព្រោះអាស៊ីត oxalic អាចកកកុញក្នុងរាងកាយ

– មិនគួរយកផ្លែតាឡឹងតឹងមកធ្វើភេសជ្ជៈ

– កុំទទួលទាន បើដឹងថាក្នុងរាងកាយរបស់អ្នកស្ថិតក្នុងស្ថានភាពនៃការខ្វះជាតិទឹក

-ជាពិសេសវាគួរតែត្រូវបានជៀសវាងចំពោះអ្នកជំងឺដែលមានជំងឺតម្រងនោម រួមទាំងអ្នកជំងឺដែលកំពុងស្ថិតក្នុងការលាងឈាម៕ ប្រភព៖ Thairath