ប្រទេសថៃ៖ ផ្ទះលំហែកាយដ៏ស្រស់ស្អាត ដែលនៅមិនឆ្ងាយពីទីក្រុងបាងកកបានក្លាយជាទីកន្លែងក្នុងក្តីស្រម៉ៃរបស់មនុស្សគ្រប់គ្នាព្រោះតែជាទីតាំងស្រស់បំព្រង និងអាចធ្វើឱ្យមនុស្សគ្រប់គ្នាអស់ភាពធុញថប់ពេលដែលបានមកដល់ផ្ទះចម្ការដ៏អស្ចារ្យមួយនេះ។

ពិតណាស់ផ្ទះលំហែកាយមួយនេះស្ថិតនៅ ក្នុងខេត្ត Nakhon Nayok ដែលនៅមិនឆ្ងាយពីទីក្រុងបាងកកប៉ុន្មាននោះទេ ផ្ទះលំហែកាយនេះបានសាងសង់នៅលើផ្ទៃដី ដែលគេបានពុះឡូត៍លក់ និងបានសាងសង់ផ្ទះដូចៗគ្នា ព្រមទាំងនៅក្នុងគម្រោង ដីឡូត៍នីមួយៗនឹងត្រូវបានបែងចែកតាមសមាមាត្រ មានទាំងដីដាំបន្លែ ស្រះធំមួយដែលអាចចិញ្ចឹមត្រីបាន  មានទីតាំងសម្រាប់ចិញ្ចឹមសត្វផងដែរ មានទាំងទ្រុងមាន់ជាមួយមេមាន់ ដែល​ត្រៀម​ខ្លួន​ដើម្បី ​ពង​សម្រាប់​ជាអាហារ​ពេញ​មួយ​ឆ្នាំ ទោះជាយ៉ាងណាក៏ដោយការបែងចែកនឹងអាស្រ័យលើដីនៃផ្ទះនីមួយៗ។

សម្រាប់ផ្ទះវិញគេបានរចនាផ្អែកលើវត្ថុធាតុដើមធម្មជាតិដូចជាឈើ ផ្ទះនេះត្រូវបានលើកជាន់ក្រោមឱ្យខ្ពស់ មើលទៅជាផ្ទះថៃកាលពីសម័យបុរាណ លើសពីនេះទៀតជាន់ស៊ីម៉ងត៍ត្រូវបានចាក់នៅបាតក្រោមបន្ទប់ក្រោមដីនៃផ្ទះផងដែរ។ ជាមួយគ្នានោះអង្រឹងឬស្សីយោល និងយ៉ឈើនៅអាងទឹកដ៏ព្រណិត។  ហើយក៏មានយ៉ឱ្យសមាជិកគ្រួសារអង្គុយញ៉ាំអាហារ និងរីករាយជាមួយទិដ្ឋភាព ៣៦០ ដឺក្រេផងដែរ។

យ៉ាងណាមិញអ្នកដែលបានក្លាយជាម្ចាស់ដី និងម្ចាស់ផ្ទះលំហែកាយនេះហើយប្រាកដជាទទួលបាននូវភាពស្រស់ស្រាយ និងក្ដីសុខពេលដែលបានឈានជើងចូលដល់ផ្ទះលំហែកាយមួយនេះ បន្ទាប់ពីមានអារម្មណ៍ស្ទ្រេស និងស្មុគស្មាញពីការងារ ក៏ដូចជាគេចចេញពីទីក្រុងមានភាពអ៊ូអរ។ ដោយអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅជុំវិញនោះ និងមានភាពស្ងប់ស្ងាត់ឮតែសម្លេងខ្យល់បក់មកយ៉ាងត្រជាក់នៅទីតាំងផ្ទះលំហែដ៏អស្ចារ្យមួយនេះ៕ ប្រភព៖ hometalks