ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្រោយពី Influencer ដ៏ល្បីមួយរូបបានប្រកាសថាខ្លួនបានចាញ់បោកបុរសពិការសុំទានជនជាតិខ្មែរម្នាក់នៅក្នុងប្រទេសថៃ និងបានប្រកាសថាបុរសសុំទានម្នាក់នោះជាជនបោកប្រាស់ប្រាក់គេ។

កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២ មានសេចក្តីរាយការណ៍មួយបានឱ្យដឹងថា ​បុរសរូបសង្ហាដែលជា Influencer ដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសថៃមានឈ្មោះថា ភេត កាន់ ចម ផ្លាំង (Page Gun Jomphalang) បានធ្វើការប្រកាសថាខ្លួនបានចាញ់បោកបុរសអ្នកសុំទានម្នាក់ដែលជាជនជាតិខ្មែរ។

ក្នុងករណីខាងលើលោក ចម ផ្លាំង (Jomphalang) បានរៀបរាប់ថា ដំបូងឡើយលោកបានឃើញបុរសដែលជាអ្នកសុំទាន គេស្គាល់ឈ្មោះថាលោក អ៊ំ វី  អាយុ ៤៧ឆ្នាំ ក្រោយពីមានគេបានបង្ហោះយ៉ាងព្រោងព្រាតក្នុងបណ្តាញសង្គម​ ពីសកម្មភាពសុំទានរបស់គាត់នៅក្នុងផ្សារ វត្ត Sri Amata Nakorn ស្រុក Phan Thong ខេត្ត Chonburi មើលទៅគួរឲ្យអាណិតព្រោះខ្នងរបស់គាត់កោង ពេលដើរក្បាលនឹងបត់ទៅជើង។

បន្ទាប់ពីបានឃើញពីភាពលំបាករបស់គាត់រួចមក លោក ចម ផ្លាំង (Jomphalang) ក៏បានចុះមកសម្របសម្រួលជាមួយនគរបាលខេត្តឈុនបុរី​ (Chonburi) ដើម្បីជួយបុរសនោះដោយបានយកអំណោយមួយចំនួនមកជូនគាត់។

ប៉ុន្តែក្រោយមកទៀតទើបលោក ចម ផ្លាំង (Jomphalang) ក៏បានបង្ហោះសារថាខ្លួនបានចាញ់បោកអ្នកសុំទានម្នាក់នោះបន្ទាប់ពីបានដឹងថា លោកអ៊ំ វី គឺអ្នកសុំទានឆ្លងដែនខុសច្បាប់មកពីប្រទេសកម្ពុជា ដោយលោកពូ អ៊ំ វី និង គ្រួសារធ្លាប់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅប្រទេសជាច្រើនសារមកហើយ ប៉ុន្តែនៅតែលួចឆ្លងដែនត្រលប់មកវិញទៀត។ នៅក្នុងនោះគ្រួសារ អ៊ំ វី មាន កូនប្រពន្ធ ម្ដាយក្មេក ប្រកបអាជីពសុំទានដូចគ្នា ថែមទាំងមានយកក្មេងៗ ដោយមានក្មេងខ្លះអាយុទើប ១០ខែក៏មាន យកមកដើរសុំទានដើម្បីទាញចិត្តអាណិតពីសាធារណជនក្នុងប្រទេសថៃថែមទៀតផង។

ជាមួយគ្នានោះប្រភពដដែលបានបញ្ជាក់ថា លោក អ៊ំ វី និងគ្រួសាររកចំណូលពីការសុំទាននេះបានក្នុងមួយថ្ងៃមិនក្រោមពី៥ពាន់បាតនោះទេ ហើយបើសរុបក្នុងមួយខែ មិនក្រោយ ១៥ម៉ឺនបាតនោះឡើយ។

ទោះជាយ៉ាងណាបច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមគ្រួសាររបស់លោក អ៊ំ វី និងក្មេងៗដដៃទៀត ហើយបាន បញ្ជូនទៅឃុំខ្លួននៅឯប៉ុស្ដិ៍អន្តោប្រវេសន៍ដើម្បីបញ្ជូនខ្លួនបន្តមកកាន់ប្រទេសកម្ពុជាវិញ៕ ប្រភព៖ today.line.me