អន្តរជាតិ៖ លោក Prawit Wongsuwan ដែល​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ប្រទេស​ថៃ ត្រូវបានគេប្រទះឃើញរូបលោកបានដេកលក់ក្នុងអំឡុងពេលប្រជុំកាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ខណៈរូបភាព​នេះ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ថៃ​យ៉ាង​លឿន ហើយ​ទាក់ទាញ​ឲ្យមហាជននាំគ្នាបញ្ចេញមតិ​រិះគន់​ជា​ច្រើន។

យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេ ដែលនាយករដ្ឋមន្ត្រី​ចាំផ្ទះរូបនេះបានភ្លេចខ្លួនដេកលង់លក់ក្នុងអំឡុងពេលធ្វើកិច្ចប្រជុំនាៗ ដែលជាហេតុធញវើឲ្យអ្នកកាសែតតែងតែថតរូបលោកជានិច្ច ដែលនាំឲ្យមានការរិះគន់គ្រប់មជ្ឈដ្ឋាន។

គួរជម្រាបដែលថា លោក Prawit អាយុ ៧៧ ឆ្នាំ ដែល​បាន​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ ២០១៩ មក គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរយារ​របស់​លោក Prayuth និង​ជា​ផ្នែក​មួយ​នៃ​របប​យោធា​ដែល​ដឹកនាំ​ប្រទេស​ថៃ​អស់​រយៈពេល​ជិត ៥ ឆ្នាំ បន្ទាប់ពី​លោក Prayuth បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ ២០១៤ ទម្លាក់​រដ្ឋាភិបាល​ដែល​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោត​មក។

ដូច​លោក Prayuth ដែរ លោក Prawit គឺជា​អតីត​មេបញ្ជាការ​កងទ័ព និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​មាន​ភាព​ស្មោះស្ម័គ្រ​ខ្លាំង​បំផុត​ចំពោះ​របប​រាជាធិបតេយ្យ។ ប៉ុន្តែ ផ្ទុយ​ពី​លោក Prayuth លោក Prawit ហាក់​ជា​អ្នក​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​នៅ​ពី​ក្រោយ​ឆាក ៕