អន្តរជាតិ៖ ក្រុមប្រឹក្សាចៅក្រមនឹងបើកកិច្ចប្រជុំពិសេសនៅថ្ងៃទី៨ ខែកញ្ញាខាងមុខដើម្បីពិភាក្សាស្តីពីអាណត្តិរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។ ការិយាល័យតុលាការធម្មនុញ្ញថៃបានប្រកាសថា ប្រធានគណៈចៅក្រម Worawit Kangsasitiam នឹងកោះប្រជុំគណៈកម្មការដែលមានសមាជិក ៩នាក់នៅថ្ងៃទី៨ ខែកញ្ញា ដើម្បីសម្រេចពីជោគវាសនារបស់លោកប្រាយុទ្ធ ។

កិច្ចប្រជុំត្រូវបានរៀបចំឡើង ក្រោយពេលតុលាការទទួលបាន លិខិត៣ច្បាប់ពីលោកប្រាយុទ្ធ ចាន់អូចា ពីអតីតប្រធានគណៈកម្មការព្រាងច្បាប់ធម្មនុញ្ញលោក Meechai Ruchuphan និងអគ្គលេខាធិការគណៈកម្មការជាតិ លោក Pakorn Nilprapunt ជាតំណាងផ្លូវច្បាប់របស់រដ្ឋាភិបាលថៃ ដែលបានដាក់លិខិតខាងលើនៅថ្ងៃទី១ខែកញ្ញា ។

ប្រភពព័ត៌មានពីការិយាល័យតុលាការធម្មនុញ្ញថៃបានឱ្យដឹងថា ក្រុមប្រឹក្សាចៅក្រមអាចនឹងព្រមព្រៀងគ្នាចេញសេចក្តីសម្រេចនៅក្នុងសប្តាហ៍នេះ។ ប្រសិនបើទទួលបានព័ត៌មានគ្រប់គ្រាន់នោះ តុលាការនឹងចេញសេចក្តីសម្រេច នៅពេលខាងមុខ ។

នៅក្នុងលិខិតដែលបញ្ជូនទៅកាន់តុលាការ លោកប្រាយុទ្ធចាន់អូចា និងក្រុមប្រឹក្សាផ្លូវច្បាប់ របស់រដ្ឋាភិបាលបានលើកឡើងថា អាណត្តិរបស់នាយករដ្ឋមន្ត្រីគឺគិតត្រឹមពេលលោកត្រូវបានរដ្ឋសភាអនុម័តក្រោយការបោះឆ្នោត ហើយទទួលបានការចុះព្រះហស្តលេខារបស់ព្រះមហាក្សត្រ នៅថ្ងៃទី ៩ខែមិថុនា ឆ្នាំ២០១៩ ។ ដោយហេតុនោះហើយទើបលោកប្រាយុទ្ធ ចាន់អូចាបញ្ជាក់ថា អាណត្តិរបស់លោកនឹងបញ្ចប់នៅឆ្នាំ២០២៧ ប្រសិនបើទទួលបានការគាំទ្រក្នុងការបោះឆ្នោតខាងមុខ ៕