ប្រទេសចិន៖ ពិតជាគួរឱ្យសោកស្ដាយ និងជាដំណឹងដ៏សោកសៅក្រោយពីឪពុកម្ដាយរបស់ជនរងគ្រោះដែលជាអ្នករាំនៅហុងកុងត្រូវបានអេក្រង់ LED ធ្លាក់មកលើឆាកសង្កត់ជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ គាត់បានបញ្ជាក់ថាកូនប្រុសរបស់ខ្លួនអាចនឹងខ្វិនមួយជីវិត ហើយឱកាសនៃការជាសះស្បើយតិចតួចបំផុត។

កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន HK01 បានឱ្យដឹងថាលោកវេជ្ជបណ្ឌិតដែលបានព្យាបាលឱ្យជនរងគ្រោះ Li Kaiyan ហៅ Mo ដែលជាអ្នករាំលើឆាកប្រគុំតន្ត្រីដ៏ធំមួយត្រូវបានកញ្ចក់អេក្រង់ LED ទម្ងន់ ៦០០គីឡូក្រាមរបូតធ្លាក់មកចំរងរបួសយ៉ាងធ្ងន់ធ្ងរនោះ គាត់បានបញ្ជាក់ថា Mo មានឱកាលតែ៥ភាគរយប៉ុណោះដែលអាចជាសះស្បើយ ហើយ៩៥ភាគរយគេអាចនឹងខ្វិនអស់មួយជីវិត។

ស្របពេលដែលឪពុករបស់ Mo ក៏បានចេញមកបង្ហាញអារម្មណ៍ដល់មហាជនអ្នកគាំទ្រកូនប្រុសរបស់ខ្លួនថា បើទោះបីជា Mo មានភាគរយខ្ពស់ក្នុងការក្លាយជាមនុស្សពិការអស់មួយជីវិត ក៏លោក និងគ្រួសារនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីព្យាបាលឱ្យគេជាសះស្បើយ និងមើលថែគេឱ្យបានល្អ​។

ក្នុងនោះលោកក៏បានបន្ថែមថា Mo នឹងត្រូវបានគេចាក់ម្ជុលវិទ្យាសាស្ត្រចុងក្រោយបង្អស់នៅសប្ដាហ៍ក្រោយនេះហើយ។ លោកបានបន្តថា ធ្លាប់តែឃើញកូនប្រុសរាំយ៉ាងរស់រវើកនៅលើឆាក តែបែរជាមកគេងសម្រាក់ស្ដូកស្ដឹងនៅលើគ្រេក្លាយជាមនុស្សពិការទៅវិញ ពិតជាខ្លោច​ចិត្តខ្លាំងណាស់សម្រាប់ឪពុកមួយរូប។

គួរបញ្ជាក់ផងដែរ Li Kaiyan ហៅ Mo ជាអ្នករាំដ៏ជំនាញម្នាក់ ហើយលោកត្រូវបានជួបនូវឧបទ្ទវហេតុធ្លាក់អេក្រង់មកចំយ៉ាងដំណំខណៈកំពុងតែរាំ កាលពីថ្ងៃទី ២៨ ខែកក្ដដា ​ឆ្នាំ២០២២ ក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំមួយ ជាមួយនឹងក្រុមតន្ត្រី Mirror ក្នុងទីក្រុងហុងកុង នៅទីមហោស្រពមជ្ឈមណ្ឌល Hong Kong Coliseum នៃប្រទេសចិន៕