ប្រទេសចិន៖ បានក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យសោកស្ដាយ ក្រោយពីមានករណីគ្រោះធម្មជាតិ ដោយកូនកំលោះត្រូវបានរន្ទះបាញ់ស្លាប់ខណៈពេលកំពុងតែថត Pre-Wedding ជាមួយនឹងគូស្នេហ៍យ៉ាងអាណោចអាធ័ម។

កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានករណីកូនកំលោះឈ្មោះ Ruan ត្រូវបានរន្ទះបាញ់ស្លាប់ចោលកូនក្រមុំដ៏គួរឱ្យរន្ធត់។
ដោយករណីនេះបានកើតឡើងខណៈពេលដែលកូនកំលោះកំពុងតែថត Pre-Wedding យ៉ាងផ្អែមល្ហែមជាមួយអនាគតកូនក្រមុំនៅភ្នំ Jade Dragon Snow ក្នុងខេត្ត Yunnan ជាភ្នំដ៏ល្បីបំផុតរបស់ប្រទេសចិន។
ស្របពេលដែលកំពុងតែថតក៏ចាប់ផ្ដើមមាន ផ្គរ រន្ទះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង បើទោះបីជាមានការព្រមានពី ការិយាល័យឧតុនិយមក៏ដោយ ប៉ុន្តែកូនកំលោះកូនក្រមុំនៅតែសម្រេចចិត្តបន្តការថតរូបភ្ជាប់ពាក្យតាមគម្រោងដែលបានកំណត់ រហូតដល់ចុងក្រោយកូនកំលោះក៏ត្រូវរន្ទះបាញ់ស្លាប់ទាំងកណ្ដាលភ្លៀងយ៉ាងអាណោចអាធ័មនៅពេលនោះ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយបន្ទាប់មកក្រុមការងារបានជូនដំណឹងដល់ក្រុមអ្នកជួយសង្គ្រោះ និងបានប្រញាប់ប្រញាល់មកកន្លែងកើតហេតុព្រមទាំងបានដឹកកូនកំលោះចេញ ពីតំបន់ទាំងកណ្តាលភ្លៀងធ្លាក់ខ្លាំងបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសលគ្រូពេទ្យបាននិយាយថា កូនកំលោះបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនមកមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា ការិយាល័យឧតុនិយមនៅតំបន់នោះបានចេញសេចក្តីជូនដំណឹង និងដាក់តំបន់ពណ៌លឿងអំពីបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយបញ្ជាក់ថាវាជាកម្រិតខ្ពស់ និងអាក្រក់ពីអាកាសធាតុក្នុងប្រទេសចិន ក្នុងនោះគេបានបញ្ជាក់ថា មនុស្សជិត ៤,០០០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងប្រទេសចិនចាប់ពីឆ្នាំ ២០១៧មក៕ ប្រភព៖ Thairath