អន្តរជាតិ៖ ​ឥណ្ឌាដាក់ពង្រាយមនុស្ស ៣០០នាក់ ដើម្បីធ្វើប្រតិបត្តិការ​ចាប់​ខ្លារខិន​ដ៏​កម្រ​មួយ​ក្បាល​កំពុង​ដំណើរការ​នៅ​រដ្ឋ Karnataka ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​ ដែលប្រើ​រយៈពេលអស់​ជាង ២៧ ថ្ងៃ។ សត្វខ្លាមួយក្បាលនេះបានក្លាយជាប្រធានបទក្ដៅសម្រាប់សារព័ត៌មានក្នុងស្រុកចាប់តាំងពីថ្ងៃទី ៥ ខែសីហា នៅពេលដែលវាវាយប្រហារកម្មករនៅក្នុងទីក្រុង Belgaum ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC

ខ្លារខិននោះបានបើកឆាកវាយប្រហារបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈចាប់តាំងពេលនោះមក វាត្រូវបានគេប្រទះឃើញពីរបីដងនៅជុំវិញទីលានវាយកូនហ្គោលក្នុងទីក្រុង ដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកស្រុក។ នាយកដ្ឋានព្រៃឈើរបស់រដ្ឋបានដាក់ពង្រាយមនុស្សប្រហែល ៣០០ នាក់ ដែលរួមមាន ពេទ្យសត្វ និងអ្នកបាញ់កាំភ្លើង រហូតដល់អ្នកចាក់ថ្នាំស្ពឹក ដើម្បីចាប់ខ្លារខិនមួយក្បាលនេះហើយដោះលែងវាទៅក្នុងព្រៃ ប៉ុន្តែប្រតិបត្តិការនេះមិនទទួលបានជោគជ័យរហូតមកដល់ពេលនេះ។

បញ្ហា​នេះ​ក៏​បាន​បង្ក​ជា​ភ្លើង​នយោបាយ​នៅក្នុងប្រទេសផងដែរ ដោយ​អ្នក​នយោបាយ​ប្រឆាំង​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ព្រៃឈើ​របស់​រដ្ឋ លោក Umesh Katti លាលែង​ពី​តំណែង។ ខណៈ លោក Katti បាន​លើកឡើងថា៖«​លោក​បាន​ត្រៀម​ខ្លួន​ធ្វើ​ដូច្នេះ ប្រសិន​បើខ្លារខិន​​ត្រូវ​ចាប់​បាន»។

លោក Vijayakumar Gogi មន្ត្រីព្រៃឈើកំពូលនៅក្នុងរដ្ឋបានប្រាប់សារព័ត៌មាន BBC ថា៖«មានសម្ពាធសាធារណៈជាច្រើន ដើម្បីចាប់ខ្លារខិនក្នុងពេលឆាប់ៗនេះ ដូច្នេះបុគ្គលិកកាន់តែច្រើនត្រូវបានបញ្ជូនទៅកាន់ប្រតិបត្តិការ»។

ខ្លារខិនគឺជាប្រភេទសត្វដែលខ្មាស់អៀន ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ មានរបាយការណ៍ជាច្រើនអំពីពួកវាបានចូលទៅក្នុងភូមិ និងទីក្រុងរបស់ប្រទេសឥណ្ឌា ដើម្បីស្វែងរកសត្វព្រៃជាអាហារ ក្រោយព្រៃឈើកាន់តែថយចុះ។

រដ្ឋ Karnataka ដែលមានតំបន់ព្រៃឈើដ៏ធំ និងជម្រកសត្វព្រៃជាច្រើន មានខ្លារខិនចំនួន ១៧៨៣ ក្បាល ដែលជាចំនួនខ្ពស់បំផុតទីពីរនៅក្នុងប្រទេស នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ ជារឿយៗសត្វនេះត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុងធំៗក្នុងរដ្ឋដូចជា ទីក្រុង Bangalore និង ទីក្រុង Mysore ៕