រដ្ឋធានីមូស្គូ៖ ប្រធានក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ី ធ្លាប់អំពាវនាវឲ្យបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ហើយឥឡូវនេះ គាត់បានស្លាប់ ក្រោយការធ្លាក់តាមបង្អួច នៃមន្ទីរពេទ្យ ខណៈប្រភពផ្សេងៗទៀត បានចាត់ទុក ជាការស្លាប់ប្រកប ដោយអាថ៌កំបាំង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១ ខែកញ្ញា ថា លោក រ៉ាវីល ម៉ាហ្កាណូវ (Ravil Maganov) ប្រធានក្រុមហ៊ុនលូកូអ៊ីល (Lukoil) ដែលជាក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុតលំដាប់ទី២របស់រុស្ស៊ី បានទទួលមរណភាព ក្រោយការធ្លាក់ពីបង្អួច នៃមន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងទីក្រុងមូស្គូ។ គាត់ក្លាយជាមហាសេដ្ឋីចុងក្រោយរបស់រុស្ស៊ី បានស្លាប់ភ្លាមៗ ដោយការមិនអាចពន្យល់។Russian oil executive and Putin critic Ravil Maganov dead after mysterious six-story fall

ប្រភពចំនួន២ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ថា មហាសេដ្ឋី វ័យ៦៧ឆ្នាំ បានស្លាប់ ក្រោយការធ្លាក់ ពីបង្អួច នៃមន្ទីរពេទ្យ។ ប៉ុន្ដែហេតុផល នៃការធ្លាក់របស់គាត់ ក៏នៅតែមិនច្បាស់នៅឡើយ។

ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ ដោយដកស្រង់ប្រភព ដែលបានផ្ដល់ឲ្យ ថា «ព្រឹកនេះ (ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា) លោក Maganov បានធ្លាក់ពីបង្អួច នៃមន្ទីរពេទ្យគ្លីនិកមជ្ឈិម ហើយគាត់បានស្លាប់ ដោយសាររងរបួសធ្ងន់។

បើតាមប្រភពពីប៉ូលិសរុស្ស៊ី បានប្រាប់ដល់សារព័ត៌មាន RBC Business Daily ថា លោក Maganov បានធ្លាក់ពីបង្អួចជាន់ទី៦ នៃមន្ទីរពេទ្យ។ ដោយឡែក ប្រភពមួយផ្សេងទៀត ដែលជិតស្និទ្ធនឹងក្រុមហ៊ុនបានអះអាង គួរឲ្យជឿ ថា ប្រធានក្រុមហ៊ុនរូបនេះ អាចត្រូវគេសម្លាប់ ប៉ុន្តែគេមិនឃើញភស្តុតាង សម្រាប់បញ្ជាក់ អំពីករណីឃាតកម្មនេះ។ ចំណែកមនុស្ស ចំនួន២នាក់ ដែលបានស្គាល់ច្បាស់លោក Maganov បានអះអាងថា ពួកគេជឿថា ករណីនេះ មិនទំនងទាល់តែសោះថា គាត់បានធ្វើអត្តឃាត។

ក្រុមហ៊ុន Lukoil បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «ប្រធានក្រុមហ៊ុន លោក Maganov បានទទួលមរណភាព ដោយសារតែជំងឺធ្ងន់ធ្ងរ»។ ចំណែកបុគ្គលិក រាប់ពាន់នាក់របស់ក្រុមហ៊ុន Lukoil បាននាំគ្នាមកកាន់ទុក្ខដ៏ក្រៀមក្រ ចំពោះការបាត់បង់ប្រធានក្រុមហ៊ុន ហើយក៏ជាការចូលរួមរំលែកទុក្ខដោយស្មោះស្ម័គ្រ ជាមួយគ្រួសាររបស់សពលោក Ravil Maganov ។

ក្រុមហ៊ុន Lukoil ក៏ជាក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុតមួយ នៅក្នុងប្រទេសរុស្ស៊ី ធ្លាប់អំពាវនាវឲ្យក្រុងមូស្គូ បញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលវិមានក្រឹមឡាំង បានបញ្ជូនកងទ័ព ចូលលុកលុយ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។ នៅក្នុងសេចក្ដីថ្លែងការណ៍ នាពេលនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Lukoil ក៏បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមជាបន្ទាន់ ចំពោះការលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន ហើយក្រុមហ៊ុននេះ ក៏បានសម្តែង អំពីការអាណិតអាសូរ ដល់អ្នករងផលប៉ះពាល់ ពីអំពើសោកនាដកម្មនេះផងដែរ។

បណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី បានរាយការណ៍ ថា មួយថ្ងៃ ក្រោយពេល ក្រុងមូស្គូ បានបញ្ជូនកងកម្លាំងរបស់ខ្លួន ចូលទៅឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន នោះ ក៏មានសេចក្ដីរាយការណ៍ថា លោក អាឡែកសាន់ដឺរ ទីយូឡាកូវ (Alexander Tyulakov) នាយកប្រតិបត្តិក្រុមហ៊ុន Gazprom គ្រប់គ្រងដោយរដ្ឋរុស្ស៊ី ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងយានដ្ឋានរបស់គាត់ នៅជិតទីក្រុងកំពង់សានផែធើសប៊ឺគ (Saint Petersburg) ប្រទេសរុស្ស៊ី។

រហូតមកដល់ខែមេសា ក៏មានសេចក្ដីរាយការណ៍ ថា លោក ស៊ើជេ ប្រូតូសែនយ៉ា (Sergei Protosenya) អតីតអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវដ៏ធំបំផុតរបស់រុស្ស៊ី ឈ្មោះ Novatek ត្រូវបានគេប្រទះឃើញស្លាប់ជាមួយប្រពន្ធ និង កូនស្រីរបស់គាត់ នៅក្នុងវីឡាមួយ ស្ថិតក្នុងប្រទេសអេស្ប៉ាញ។ ប៉ូលិសក្នុងតំបន់ Catalan ដែលកំពុងស៊ើបអង្កេត លើករណីនេះ បានអះអាងថា ពួកគេជឿថា មហាសេដ្ឋីរូបនេះ បានសម្លាប់ប្រពន្ធ និង កូនរបស់ពួកគេ ទើបសម្លាប់ខ្លួនឯងតាមក្រោយ។

នៅក្នុងខែឧសភា បណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី ក៏បានរយការណ៍ថា លោក អាឡែកសានដឺរ ស៊ូបបូទីន (Alexander Subbotin) អតីតអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនផលិតប្រេងធំលំដាប់លេខ២របស់រុស្ស៊ី ឈ្មោះ Lukoil ក៏ត្រូវបានប្រទះឃើញស្លាប់ នៅក្នុងផ្ទះរបស់គាត់ នៅខាងក្រៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។Ravil Maganov: Lukoil Chairman and One of Putin's Allies Mysteriously Dies after Falling from Hospital Window in Moscow

នៅក្នុងខែឧសភាដដែលនោះ បណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី ក៏បានរាយការណ៍ ថា លោក វ៉្លាឌីស្លាវ អាវ៉ាយ៉ែវ (Vladislav Avayev) ជាអតីតអនុប្រធានធនាគារ Gazprombank ក៏ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងអាផាតមែន ស្ថិតក្នុងទីក្រុងមូស្គូ ជាមួយនឹងសពប្រពន្ធ និងកូនស្រីរបស់គាត់។

បើគិតចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានលើកទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ មានមហាសេដ្ឋីរុស្ស៊ី ជាច្រើននាក់ បានស្លាប់ដោយអាថ៌កំបាំង រួមមាន៖ទី១-លោក វ្ល៉ាឌីស្លាវ អាវ៉ាយ៉ែវ ( Vladislav Avayev) អតីតអនុប្រធាក្រុមហ៊ុនឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ី គ្រប់គ្រងដោយរដ្ឋ Gazprom, ទី២-លោក រ៉ាវីល ម៉ាហ្កាណូវ (Ravil Maganov) អតីតអនុប្រធានក្រុមហ៊ុន LUKOIL, ទី៣-លោក វ៉ាស៊ីលី មែលនីកូវ (Vasily Melnikov) នាយកប្រតិបត្ដិ ក្រុមហ៊ុន Medstom, ទី៤-លោក ស៊ើជេ ប្រូតូសែនយ៉ា ( Sergei Protosenya) អតីតអ្នកគ្រប់គ្រងក្រុមហ៊ុន Novatek, ទី៥-លោក អាឡែកសានដឺរ ស៊ូបូតីន (Aleksander Subbotin) អតីតនាយកប្រតិបត្ដិក្រុមហ៊ុនLUKOIL, ទី៦-លោក អាឡែកសានដឺរ ទីយូលយ៉ាកូវ (Alexander) អគ្គនាយករងក្រុមហ៊ុន Gazprom, ទី៧-លោក មីខែល វ៉ាតហ្វដ (Mikhail Watford) មហាសេដ្ឋីប្រេង និង ឧស្ម័ន៕