បរទេស៖ កាលពីពេលថ្មីនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសបង់ក្លាដែសបានប្រកាសពីការដំឡើងប្រេងសាំង ដែលជាបញ្ហាមួយសម្រាប់ប្រជាជនកំពុងតែប្រឈមមុខ រហូតពួកគេបានធ្វើបាតុកម្មតវ៉ាប្រឆាំង ស្របពេលប្រទេសក៏កំពុងតែជួបវិបត្តិសេដ្ឋកិច្ច និងមានជាប់បំណុលពិភពលោក។

កាលពីសប្ដាហ៍មុនបាតុករនៅប្រទេសបង់ក្លាដែសបាននាំគ្នាប្រមូលផ្ដុំដើរក្បួនបាតុកម្មបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសដំឡើងថ្លៃប្រេងឥន្ធនៈរហូតដល់ ៥១.២ ភាគរយបន្ថែម ដោយសារតែវិបត្តិសង្គ្រៀមនៅអ៊ុយក្រែន និងរុស្ស៊ី។

ជាមួយគ្នានោះស្របពេលដែលសេដ្ឋកិច្ចបានធ្លាក់ចុះ ម្ហូបអាហារ និងឥន្ធនៈកើនឡើងខ្ពស់នៅក្នុងទីផ្សារពិភពលោក ធ្វើឱ្យរដ្ឋាភិបាលស្វែងរកជំនួយពីបរទេសរួមទាំងការផ្ញើលិខិតទៅចរចាសុំជំនួយពី ស្ថាប័នហិរញ្ញវត្ថុធំៗរបស់ពិភពលោកដូចជាមូលនិធិ រូបិយវត្ថុអន្តរជាតិ(IMF) ជាដើម។ ការខ្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដែលមានប្រាក់កម្ចីចំនួន ៤.៥ ពាន់លានដុល្លារ ក្នុងនោះបង់ក្លាដែសក៏ជាប្រទេសចុងក្រោយគេនៅអាស៊ីខាងត្បូង បន្ទាប់ពីប្រទេសស្រីលង្កា និងប៉ាគីស្ថានដែលបានខ្ចីលុយពី IMF ដើម្បីដោះស្រាយវិបត្តិក្នុងប្រទេស។

មិនតែប៉ុណ្ណោះប្រទេសមួយនេះក៏បានស្នើសុំប្រាក់កម្ចីចំនួន ១ ពាន់លានដុល្លារពី ADB និងធនាគារពិភពលោកផ្សេងទៀត ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល បន្ទាប់ពីទុនបម្រុងអន្តរជាតិរបស់ខ្លួនបានធ្លាក់ចុះដល់ ៣៨.៤ ពាន់លានដុល្លារកាលពីខែមុន។ ហើយឱនភាពពាណិជ្ជកម្មឈានដល់ ៣៣,៣ ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់ក្នុងខែ មិថុនា ឆ្នាំ២០២២កន្លងទៅ។

ពិតណាស់បង់ក្លាដែស ជាប្រទេសអាស៊ីខាងត្បូងមួយទៀតដែលកំពុងប្រឈមនឹងវិបត្តិប្រាក់បម្រុង អន្តរជាតិរបស់ខ្លួន ហើយចំនួនឱនភាពពាណិជ្ជកម្មបានកើនឡើង ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ជាមួយគ្នានោះសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិបានជាប់គាំង ក្នុងនោះរូបិយប័ណ្ណ បានធ្លាក់ចុះរហូតដល់ទៅ២០ភាគរយដែលធ្វើឱ្យរដ្ឋាភិបាលពន្យារផែនការវិនិយោគរបស់ប្រទេស។

លើសពីនេះពលរដ្ឋបង់ក្លាដែសត្រូវការសន្សំសំចៃអគ្គិសនី ដោយសារការកើនឡើងនៃថ្លៃថាមពល ដូច្នេះរដ្ឋាភិបាលបង់ក្លាដែស បានចាត់វិធានការដោះស្រាយបញ្ហាកង្វះថាមពលអគ្គិសនីដោយប្រកាសកំណត់របបអគ្គិសនី និងប្រកាសបិទម៉ាស៊ីនត្រជាក់ពេលមានមនុស្សចូលរួមពិធីសាសនាផ្សេងៗ។

ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិបានយល់ឃើញថា ទោះបីជាស្ថានភាពនៅប្រទេសបង់ក្លាដែសមានសភាពធ្ងន់ធ្ងរក៏ដោយ និងពិភពលោកអាចនឹងគិតថាប្រទេសមួយនេះប្រាកដជាក្លាយជាប្រទេសបន្ទាប់ដែលត្រូវដួលរលំដូចប្រទេសស្រីលង្កាដែរ។ ប៉ុន្តែតាមពិត វាមិនដូចគេគិតទាំងស្រុងទេ ព្រោះបង់ក្លាដែសមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ជាងប្រទេសដទៃ ដូច្នេះអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិជឿថាបង់ក្លាដែសមិនអាចមានស្ថានភាពអាក្រក់ដូចស្រីលង្កានោះទេ៕ ប្រភព៖ Thairath