ប្រទេសចិន៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ មានសេចក្ដីរាយការណ៍ពី ​គេហទំព័រ Mothership បានឱ្យដឹងថា មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល និងចម្លែកមួយ បានកើតឡើងនៅក្នុងផ្សារទំនើបរបស់ប្រទេសចិន ដោយមានមនុស្សចាស់ប្រុសស្រីជាច្រើនប្រមូលផ្តុំគ្នានៅក្នុងម៉ាត និងហាងផ្សេងៗ ខ្លះអង្គុយ ខ្លះដេកហាក់ដូចជានៅក្នុងផ្ទះរបស់ខ្លួនឯង មូលហេតុ គឺ ដោយសារអាកាសធាតុក្តៅខ្លាំងពេកមិនអាចទ្រាំបាន ទើបសម្រុកនាំគ្នាមករកទីមានម៉ាស៊ីត្រជាក់។

ទាក់ទងនឹងបញ្ហាខាងលើ បណ្ដាញសង្គមចិនបានបង្ហាញពីសកម្មភាពរបស់មនុស្សចាស់រាប់ម៉ឺននាក់បានសម្រុកនាំគ្នាទៅផ្សារទំនើប ម៉ាត ​គ្រប់ទីកន្លែងក្នុងទីក្រុង Chongqing  ភាគនិរតីនៃប្រទេសចិន ព្រោះតែមូលហេតុដោយសារអាកាសធាតុក្តៅខ្លាំងពេកមិនអាចទ្រាំបាន ទើបសម្រុកនាំគ្នាមករកទីមានម៉ាស៊ីត្រជាក់ ដោយការធ្វើចំណាកស្រុកពីទីក្ដៅ មកពឹងលើម៉ាស៊ីនត្រជាក់ក្នុងផ្សារទំនើបវិញ។

ក្នុងនោះគេសង្កេតឃើញថាពួកគាត់ មានទាំងឈរ អង្គុយ និងដេកលើឥដ្ឋរ ដូចនៅក្នុងផ្ទះផ្ទាល់ខ្លួន ស្ទើរតែពេញទាំងហាង គ្មានកន្លែងឈរជើងសម្រាប់ភ្ញៀវ អ្នកខ្លះថែមទាំងយកកង្ហារមកពីផ្ទះ ដើម្បីជួយបំបាត់ភាពក្ដៅបន្ថែមទៀត។

ឃើញដូចនោះអតិថិជនដែលបានទៅទិញទំនិញ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រឈមមុខនឹងស្ថានភាពខាងក្នុង មិនថាដើរទៅណាក៏មានតែមនុស្សចាស់ពេញទាំងហាង និងម៉ាតបែបនេះ។

យ៉ាងណាមិញការិយាល័យឧតុនិយមក្នុងតំបន់បានរាយការណ៍ថាប្រទេសចិនបច្ចុប្បន្នកំពុងជួបវិបត្តិរលកកម្ដៅខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះមានស្រុកជាង ១៥ ក្នុងនោះមានក្រុង Chongqing ជាប់កំណត់ត្រាសីតុណ្ហភាពខ្ពស់ខ្លាំង ជាពិសេសនៅក្នុងស្រុក Beibei ដែលមានសីតុណ្ហភាព ៤៥ អង្សាសេ ខណៈពេលដែលខេត្ត ស៊ីឈួនមានសីតុណ្ហភាព ៤៣.៨ អង្សាសេ៕ ប្រភព៖ Kapook