បរទេស៖ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ មានសេចក្តីរាយការណ៍ពីសារព័ត៌មាន Reuters បានឱ្យដឹងថាអាកាសធាតុ អំពីទឹកភ្លៀងរបស់ប្រទេសបាគីស្ថាន និងទឹកជំនន់ដែលបណ្តាលមកពីព្យុះមូសុងចាប់តាំងពីខែមិថុនាកន្លងមកបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រពីករណីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ បណ្ដាលឱ្យមនុស្សជាង ៣៣ លាននាក់បានរងទុក្ខហើយជាង ៩០០ នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះទឹកជំនន់នេះ។

ក្នុងករណីគ្រោះទឹកជំនន់នេះផងដែររដ្ឋាភិបាលកំពុងតែប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តដ៏អាក្រក់ដោយធម្មជាតិ។ ប្រទេសប៉ាគីស្ថានកំពុងឈានចូលមានព្យុះមូសុងទីប្រាំបីវាយប្រហារ បណ្ដាលឱ្យមានភាគរយនៃភ្លៀងធ្លាក់ខ្លាំង និងគួរឱ្យបារម្ភ ដោយប៉ាគីស្ថានភាគខាងត្បូងបានរងគ្រោះខ្លាំងបំផុតដោយភ្លៀងធ្លាក់ច្រើន ចាប់ពីខែសីហា ឆ្នាំ២០២២មកនេះ។

ក្នុងនោះប្រភពដដែលបានបន្តថា ចាប់តាំងពីប៉ាគីស្ថានចូលរដូវភ្លៀងធ្លាក់មក ខ្យល់មូសុងបានបោកបក់ឆ្លងកាត់ប្រទេសមួយនេះ ដែលបណ្តាលឱ្យមានទឹកជំនន់ធំៗ និងបានបំផ្លាញផ្ទះជាង៤០០,០០០ និងមានមនុស្សស្លាប់រហូតទៅដល់ ៩០០នាក់មកហើយ ចាប់ពីខែមីនាកន្លងទៅនេះ ព្រមទាំងបានផ្ដល់ផលលំបាកដល់មនុស្សចំនួន ៣៣លាននាក់នៅទូទាំងប្រទេស។

យ៉ាងណាមិញដោយសារកង្វះសាច់ប្រាក់ ប៉ាគីស្ថានទាមទារជំនួយអន្តរជាតិបន្ថែម និងបានស្នើសុំតង់ចំនួន ១ លានសម្រាប់ជម្រកដល់ជនភៀសខ្លួន ១៨៤.០០០ នាក់ដែលត្រូវបានផ្លាស់ទីលំនៅ និងបង្ខំឱ្យភៀសខ្លួនទៅកាន់ជំរំនៅពេលនេះ៕ ប្រភព៖ Khaosod