បរទេស៖ នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ នាយកប្រតិបត្តិទីភ្នាក់ងារអវកាសអាមេរិក ឬ ណាសា(NASA) បាននិយាយនៅក្នុងខួបលើកទី ៥០ នៃការបោះបង់ចោលសហរដ្ឋអាមេរិកពីការរុករកព្រះច័ន្ទ ដោយបញ្ជាក់ថាអាមេរិក នឹងគ្រោងឡើងឋានព្រះច័ន្ទម្ដងទៀត ក្នុងឆ្នាំ២០២២នេះ។

អង្កការណាសា(NASA) បានបញ្ជាក់ថា​ការវិលត្រឡប់ទៅឋានព្រះច័ន្ទវិញ វាគឺជាប្រតិបត្តិការអវកាសនៅលើបេសកកម្មរបស់យាន “Artemis ១” ដែលជាផ្នែកមួយនៃគម្រោង Artemis ដ៏ស្មុគស្មាញ និងរួមបញ្ចូលបេសកកម្ម ជាច្រើនផ្សេងទៀតផងដែរ។

យាន Artemis ១ គឺជាដំណាក់កាលដំបូងនៃការតាំងទីលំនៅរបស់មនុស្សនៅលើព្រះច័ន្ទសម្រាប់ការស្នាក់នៅរយៈពេលវែងលើឋានព្រះច័ន្ទ ក្នុងគោលបំណងដើម្បីបញ្ជូនមនុស្សទៅរុករកនៅភពព្រះអង្គារបន្តទៀត។

បេសកកម្ម Artemis ១ នឹងធ្វើដំណើរដោយគ្មានអ្នកបើកបរនោះទេ វានឹងសាកល្បងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត SLS (Space Launch System) ដ៏ធំ និងខ្លាំងបំផុតដែលមិនធ្លាប់មាន ហើយសម្រាប់យាន Artemis ១ នេះ អង្គការ ណាសា(NASA) គ្រោងនឹងបាញ់បង្ហោះទៅកាន់ទីអវកាសនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីបញ្ជូនយាន “Artemis ១”រួចហើយ ពួកគេនឹងបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទ ក្នុងរយៈពេល២ឆ្នាំចាប់ពីពេលនេះតទៅ ក្នុងបេសកកម្ម Artemis។ ដោយនាយក ប្រតិបត្តិអង្គការ ណាសា(NASA) បានប្រាប់យ៉ាងដូច្នេះថា ការធ្វើដំណើររបស់អ្នកអវកាសយានិកនៅលើបេសកកម្ម Artemis ២ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ដែលត្រូវបានគេរំពឹងថាជាការចុះចតតាមច័ន្ទគតិជាលើកដំបូង។ ហើយបន្ទាប់មកនឹងចាប់ផ្តើមបេសកកម្មបញ្ជូនយាន Artemis ៣ បន្តទៀតនៅឆ្នាំ ២០២៥ លើសពីនេះណាសា(NASA)ក៏បានសន្យាថានឹងបញ្ជូនអវកាសយានិកស្ត្រីនៅលើបេសកកម្ម Artemis ៣ ឱ្យដើរលើផ្ទៃព្រះច័ន្ទដំបូងបង្អស់។ នេះគឺដោយសារតែអវកាសយានិកណាសា(NASA)ទាំង ២៤ នាក់ដែលធ្លាប់បានធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទក្នុងបេសកកម្ម Apollo ចន្លោះឆ្នាំ ១៩៦៩ និង ១៩៧២សុទ្ធតែជាបុរស។

គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបានចាប់ផ្តើមរុករកព្រះច័ន្ទចាប់តាំងពីឆ្នាំ ១៩៦៩ ក្រោមកម្មវិធី Apollo ដោយលោក Neil Armstrong គឺជាបុរសចុះចតដោយជោគជ័យនៅលើផ្ទៃព្រះច័ន្ទជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៦៩ ក្នុងបេសកកម្ម Apollo ១១ ដែលជារបកគំហើញដ៏អស្ចារ្យមួយ៕ ប្រភព៖​ Sanook