វៀតណាម៖ កាលពីពេលថ្មីនេះមានសេចក្ដីរាយការណ៍មួយបាន​ឱ្យដឹងថា ​អាជ្ញាធរក្នុងប្រទេសវៀតណាមបានសម្រេចធ្វើការផាកពិន័យ ​គណៈកម្មាធិការរៀបចំកម្មវិធី Miss Universe Vietnam ២០២២ជាទឹកប្រាក់៧០លានដុង ឬ ប្រហែល ២,៩៩០ដុល្លារ ព្រមទាំងឱ្យផ្អាកដំណើរការកម្មវិធីរយៈពេល៩ខែ ក្រោយគេរកឃើញថាគណៈកម្មាធិការរៀបចំកម្មវិធីនេះបានរៀបចំឱ្យគណៈកម្មកាស្រីម្នាក់ស្លៀកឈុតប្រពៃណីវៀតណាម ប៉ុន្តែបែរជាច្នៃឱ្យមានភាពស៊ិចស៊ីហួសហេតុជ្រុលពេក។

បើតាមការឱ្យដឹងតាមរយៈសារព័ត៌មាន VN Express បានឱ្យដឹងថា កាលពីថ្ងៃទី២២ ​ខែសីហា ឆ្នាំ ២០២២ មានការប្រព្រឹត្តិកម្មវិធី Miss Universe Vietnam ២០២២ដែលជាកម្មវិធីលំដាប់ថ្នាក់ជាតិដ៏ធំក្នុងប្រទេសវៀតណាម។

ជាមួយគ្នានោះកម្មវិធីដ៏ធំមួយនេះក៏មានការចូលរួមពីគណៈកម្មកាជាច្រើនរូប ក្នុងនោះក៏មានវត្តមានរបស់គណៈកម្មកាស្រី ដែលមានឈ្មោះថា Vu Nguyen Ha Anh អាយុ ៤០ឆ្នាំ នាងធ្លាប់ជាអតីតបវរកញ្ញា Miss Universe Vietnam ឆ្នាំ ២០០៨ ហើយបច្ចុប្បន្នជាតារាម៉ូដែលដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ។

ពិតណាស់ខណៈពេលដែលគណៈកម្មការ Vu Nguyen Ha Anh បង្ហាញខ្លួននៅលើកំរាលព្រំក្រហមនាងពិតជាបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណីវៀតណាមមានឈ្មោះថា Ao Dai  ប៉ុន្តែឈុតនេះបានកែច្នៃជាមួយក្រណាត់ក្រហមយ៉ាងស្ដើង ដែលអាចមើលឃើញធ្លុះដល់សាច់ខាងក្នុង និង ដើមទ្រូងរបស់នាងផងដែរ។

បើតាមការឱ្យដឹងពីប្រជាជនវៀតណាមបានបញ្ជាក់ថា ​គណៈកម្មការស្រី Vu Nguyen Ha Anh នាងបានបង្ហាញខ្លួន​លើឆាក ជាមួយនឹងសម្លៀកបំពាក់មិនសមរម្យ ពាក្យសំដី ការបញ្ចេញមតិ កាយវិការផ្សេងៗ ដែលវាផ្ទុយ និងក្រមសិលធម៌ ក៏ដូចជា​ ខុសនឹងប្រពៃណីរបស់ប្រទេសវៀតណាមជាខ្លាំង។

ទោះជាយ៉ាងណា អាជ្ញារធរក៏បានសម្រេចធ្វើការផាកពិន័យគណៈកម្មាធិការរៀបចំកម្មវិធី Miss Universe Vietnam ២០២២ជាទឹកប្រាក់៧០លានដុង ឬ ប្រហែល២,៩៩០ដុល្លារ ព្រមទាំងផ្អាកមិនឱ្យដំណើរការកម្មវិធីរយៈពេល៩ខែ ព្រោះតែអនុញ្ញាតឱ្យស្ត្រីជាគណៈកម្មការស្លៀកសំលៀកបំពាក់មិនសមរម្យបង្ហាញខ្លួនលើឆាកកម្មវិធីលំដាប់ថ្នាក់ជាតិមួយនេះ៕ ប្រភព៖vnexpress