បរទេស៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ​ជំនន់ភ្លាមៗនៅទូទាំងខេត្តចំនួន ១០ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កឱ្យមានមនុស្ស យ៉ាងហោចណាស់ ៩៥ នាក់បានស្លាប់និងរាប់រយនាក់បានរងរបួស ក៏ដូចជាខូចខាតទ្រព្យសម្បត្តិជាច្រើន ស្របពេលដែលប្រទេសកំពុងតែជួបជាមួយនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះទឹកជំនន់នេះផងដែរត្រូវបានអាជ្ញាធរក្នុងប្រទេសអាហ្វហ្គានីស្ថានបានបញ្ជាក់ថា​ ផ្ទះរាប់ពាន់ខ្នងត្រូវទឹកជន់លិច ចំពេលមានវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដែលកំពុងកើនឡើងពីទណ្ឌកម្មរបស់លោកខាងលិច ក្នុងនោះក៏បានបង្កឱ្យដំណាំ ចម្ការ ត្រូវទទួលរងការខូចខាតទាំងស្រុង លើសពីនេះវាបានឆក់យកជីវិតមនុស្សរហូតទៅដល់ ៩៥នាក់ និងមនុស្សរាប់រយនាក់ទៀតបានរងរបួស។ បើសិនមនុស្សទាំងនេះ មិនទទួលបានជំនួយដើម្បីវិលមករកភាពប្រក្រតីវិញទេ ស្ថានភាពជីវិតពួកគេពិតជានឹងកាន់តែអាក្រក់ទៅៗ។

ជាមួយគ្នានោះគេបានឱ្យដឹងថាអនុរដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានផ្ដល់ ជំនួយស្បៀងសង្គ្រោះ បន្ទាន់ បញ្ជូនទៅតំបន់រងគ្រោះដោយសារទឹកជំនន់ក្នុងប្រទេស លើសពីនេះអង្គការជំនួយក៏បានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់បន្ថែម បើទោះបីជាវាប្រហែលមិនគ្រប់គ្រាន់សម្រាប់ប្រជាជនរងគ្រោះទាំងអស់នោះក៏ដោយ។

យ៉ាងណាមិញអនុរដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន បានអំពាវនាវដល់អង្គការជំនួយ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ សូមជួយដល់អាហ្វហ្គានីស្ថានដែលរងគ្រោះដោយទឹកជំនន់មួយនេះ មិនត្រឹមតែជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ សូមជួយដូចជាអាហារ ទីជម្រក និងថ្នាំពេទ្យផងដែរ។ ប៉ុន្តែការសុំជំនួយនេះត្រូវការក្នុងរយៈពេលយូរ ដោយសារតែមនុស្សជាច្រើនបានបាត់បង់ផ្ទះសម្បែង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ៕ ប្រភព៖ Khaosod