ប្រទេសឥណ្ឌា៖ នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថាក្រុមប៉ូលិសឥណ្ឌាបានធ្វើការចាប់ខ្លួនបុរសម្នាក់ពីបទល្មើស ប្លន់អ្នកមានហើយបានផ្តល់ប្រាក់ខ្លះដល់អ្នក ក្រ  ប៉ុន្តែបានប្រព្រឹត្តិករណីធ្ងន់ធ្ងរផ្សេងទៀត រហូតដល់មានឃាតកម្ម និងការរំលោភជាច្រើនផ្សេងទៀតរហូតទៅដល់១៦០ករណី។

ក្នុងករណីនេះផងដែរត្រូវបានគេឱ្យដឹងថា ប៉ូលីសនៅទីក្រុង New Delhi រដ្ឋធានីនៃប្រទេសឥណ្ឌា បានធ្វើការចាប់ខ្លួនជនល្មើសម្នាក់ដែលគេស្គាល់ឈ្មោះថា Akram ឬត្រូវគេហៅថា Robin Hood មានអាយុ ២៧ឆ្នាំ នៅទីក្រុង ដេលី(Delhi) ពីបទល្មើសប្លន់បន្ទាប់ពីគេបានដឹកនាំសមាជិកក្រុមក្មេងទំនើងជាង ២៥ នាក់ចូលទៅប្លន់ផ្ទះអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។

ទោះជាយ៉ាងណាបើតាមការស្រាវជ្រាវរបស់ក្រុមប៉ូលិសបានឱ្យដឹងថា ជនលើ្មស Akram គឺត្រូវបានគេស្គាល់ថាជា Lumbu ដែលចូលរួមជាមួយក្រុមចោរប្លន់អ្នកមាន និងផ្តល់លុយដល់អ្នកក្រដូចទៅនឹងតួរអង្គឈ្មោះ Robin Hood ក្នុងរឿងព្រេងនិទានអង់គ្លេស ។ ប៉ុន្តែលោក Akram មានភាពខុសគ្នាទៅនឹងតួរអង្គក្នុងរឿងព្រេង ត្រង់ថាគេបានរក្សាទ្រព្យសម្បត្តិរបស់គេច្រើនជាងផ្ដល់ឱ្យអ្នកក្រ។

ទោះយ៉ាងណាក៏ដោយគាត់ត្រូវបានអ្នកភូមិក្នុងស្រុកមានការគាំទ្រ និងស្រឡាញ់លោក Akram ជានិច្ច ដែលកន្លងមកពួកអ្នកភូមិតែងតែផ្តល់តម្រុយឱ្យជនល្មើសរូបនេះរត់គេចពីសមត្ថកិច្ចរហូតមក។

ជាមួយគ្នានោះប៉ូលិសបាននិយាយថា Akram ជាជនល្មើសដ៏សកម្មបានប្រព្រឹត្តឧក្រិដ្ឋកម្មជាង ១៦០ រួមទាំងឃាតកម្ម និងការរំលោភផ្សេងទៀត រហូតក្រុមប៉ូលិសបង្ខំចិត្តបង្កើតក្រុមពិសេសមួយដើម្បីតាម ប្រមាញ់។ ចុងក្រោយប៉ូលិសនៅក្រុង ដេលី(Delhi) ក៏បាននិយាយដែរថានៅពេលចាប់ខ្លួនលោក Akram គេមានកាំភ្លើងខ្លីមួយដើម រួមជាមួយនឹងថង់គ្រាប់រំសេវចំនួន ៣ បន្ថែមទៀត។

យ៉ាងណាមិញបច្ចុប្បន្នជនល្មើសរូបនេះកំពុងតែបញ្ជូនទៅកាន់តុលាកាដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់បន្ត៕ប្រភព៖ Thairath