ប្រទេសថៃ៖ មន្ត្រីប៉ូលិសមួយរូបត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ និងត្រូវបានស្ថិតនៅក្រោមការស៊ើបអង្កេតបន្ត ក្រោយពីរូបគេបានយករថយន្តរបស់សែរាជវង្សរហូតទៅដល់៥គ្រឿងមកដាក់តាំងសម្រាប់ថត Pre Wedding ឈុតរៀបការជាមួយនឹងគូស្នេហ៍ រួចបង្ហោះចូលទៅក្នុងបណ្ដាញសង្គម។

កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានឱ្យដឹងថា មានមន្ត្រីប៉ូលីសជនជាតិថៃម្នាក់ដែលត្រូវបានគេស្គាល់ ថាជាមេបញ្ជាការបានបង្ហោះរូបថត Pre-Wedding ក្នុងឈុតសម្លៀកបំពាក់កូនក្រមុំយ៉ាងស្រស់ស្អាត និងកូនកំលោះបានស្លៀកឈុតជាមេបញ្ជាការយ៉ាងស្រស់សង្ហា។

ក្នុងនោះផ្ទុយពីការអបអរសាទរជាមួយនឹងគូស្នេហ៍មួយគូនេះ បែរជាមហាជនបានធ្វើការរិះគន់ជាខ្លាំងខណៈដែលពួកគេបានយករថយន្តរបស់សែរាជវង្សចំនួន៥គ្រឿងមកចតដាក់តាំងបញ្ឈពីក្រោយ ព្រមទាំងបានបើកភ្លើងស៊ីរ៉ែនបន្លឺសម្លេង ស្របពេលកូនក្រមុំកូនកំលោះបានដឹងដៃគ្នានៅមុខឡានយ៉ាងសប្បាយរីករាយដោយមិនបានគិតថាវាជាទង្វើខុសនោះទេ។

ក្រោយពីធ្វើការបង្ហោះររួចមកមហាជនអ្នកលេងក្នុងបណ្ដាញសង្គមបានរិះគន់ចំៗទៅគូស្នេហ៍មួយគូនេះថា វាជាទង្វើខុសឆ្គង និងមិនគួរយករបស់រាជវង្សទៅធ្វើរឿងផ្ទាល់ខ្លួនបែបនេះនោះទេ។

ទោះជាយ៉ាងណាប្រភពដដែលបានបញ្ជាក់ថា នាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកការិយាល័យស៊ើបអង្កេតកណ្តាល ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក Jirapob Phuridet អគ្គស្នងការរងនគរបាលជាតិថៃ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតបានបញ្ជាឲ្យមានការស៊ើបអង្កេតការពិត ក្នុងករណីមាន រូបភាព ឬ វីដេអូឃ្លីបរបស់មន្ត្រីរូបនេះ ដែលមានតួនាទីជាមេបញ្ជាការប្រធានក្រុមបានយកឡានសម្រាប់សែរាជវង្សធ្វើដំណើរទៅថតរូប Pre-Wedding បង្ហោះក្នុង tik tokបង្អួតមហាជន។

យ៉ាងណាមិញបច្ចុប្បន្នករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់គណៈកម្មាធិការ បើសិនជារកឃើញ ថាមេបញ្ជាការរូបនេះប្រព្រឹត្តល្មើសនឹងវិន័យពិតមែន នឹងបន្តចាត់វិធានការទៅតាមផ្លូវច្បាប់៕ ប្រភព៖ Sanook