ប្រទេសចិន៖ ​អាកាសធាតុពិភពលោកប្រែប្រួលខ្លាំង ធ្វើឱ្យប្រទេសចិនជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ រហូតក្នុងពេលថ្មីៗនេះមានភ្លើងឆេះព្រៃនៅភាគនិរតីនៃប្រទេស  ដោយអាជ្ញាធរបានព្យាយាមបញ្ជាឲ្យជម្លៀសមនុស្ស ជាង ១.៥០០ នាក់ចេញពីតំបន់គ្រោះថ្នាក់។

នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីទូរទស្សន៍ CCTV បានឱ្យដឹងថាប្រទេសចិនបានជួ​បប្រទះជាមួយ​នឹងគ្រោះអគ្គីភ័យភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅទីក្រុង ឆុងឆិង(Chongqing)  តំបន់ជាប់ខេត្តស៊ីឈួន នៅភាគនិរតីនៃប្រទេស។

ក្នុងនោះអ្នកស្ម័គ្រចិត្ត និងក្រុមអ្នកជួយសង្គ្រោះជាង ៥,០០០ នាក់បានរួមគ្នាដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃ ព្រមទាំងមានការប្រើប្រាស់ឧទ្ធម្ភាគចក្របាញ់ទឹកជួយពន្លត់ភ្លើងផងដែរ ចុងក្រោយអាជ្ញាធរបានសម្រេចបញ្ជាឱ្យជម្លៀសមនុស្សជាង ១,៥០០ នាក់ ស្របពេលដែលអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃការឆេះនៅក្នុងតំបន់ព្រៃនេះឱ្យបានច្បាស់។

ទោះជាយ៉ាងណាសេចក្តីរាយការណ៍ព័ត៌មានបានបញ្ជាក់បន្ថែបយ៉ាងដូច្នេះថា ភ្លើងបានឆេះឡើងខណៈប្រទេសចិនប្រឈមមុខនឹងសីតុណ្ហភាពខ្ពស់ និង គ្រោះរាំងស្ងួតរាប់សប្តាហ៍មកហើយ ដែលវាបានប៉ះពាល់ដល់ដំណាំកសិកម្ម ក៏ដូចជាធ្វើឲ្យកម្រិតទឹកក្នុងទន្លេ ធ្លាក់ចុះ រហូតការដឹកជញ្ជូនទំនិញត្រូវបានប៉ះពាល់ និងផ្អាកមួយរយៈ។ លើសពីនេះអាជ្ញាធរត្រូវកាត់បន្ថយសមត្ថភាពអគ្គិសនីរបស់ទំនប់ទឹក ដែលជាហេតុធ្វើឱ្យមានការខ្វះខាតអគ្គិសនីប្រើប្រាស់៕ប្រភព៖ Thairath