ប្រទេសថៃ៖ មហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងកំពូលតារាសម្ដែងស្រី Pinky ដែលត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិគ្មានសល់ ក្រោយពីរកឃើញថានាងប្រព្រឹត្តិនូវបទល្មើសឆបោកយកប្រាក់គេរាប់លាន ជាមួយគ្នីគ្នាសរុប១៩នាក់ផ្សេងទៀត។ ក្នុងនោះនៅពេលដែលត្រូវប៉ូលិសចាប់ខ្លួន ស្រាប់មហាជននឹកឃើញពាក្យសម្ដីរបស់អតីតស្វាមីរបស់នាងបាននិយាយមុន​ពេលលែងលះគ្នា ពីប្រផ្នូលអាក្រក់នេះ។

ពិតណាស់កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ តារាស្រី Pinky Savika ម្ដាយបង្កើត បងប្រុស និងគ្នីគ្នា១៩នាក់ ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួនបន្ទាប់ពីរកឃើញថាបានប្រព្រឹត្តិនូវបទល្មើសឆបោកប្រាក់គេសរុប ២,៤៨៩,៨២០,៣២១.៥២ បាត ពីជនរងគ្រោះតាមរយៈប្រព័ន្ធអនឡាញ ដោយប្រើល្បិចឱ្យជនរងគ្រោះបណ្ដាក់ទុនលើការប្ដូរប្រាក់ ហើយប្រាប់ថានឹងបានប្រាក់ចំណេញពី៦០ ទៅ៨០ភាគរយត្រឡប់ទៅវិញ។

ទោះជាយ៉ាងណាបទល្មើសនេះត្រូវបានតុលាការសម្រេចឃុំខ្លួននាងឱ្យជាប់ពន្ធធនាគារដើម្បីសម្រេចក្ដីបន្ត ក្នុងនោះទ្រព្យសម្បត្តិរបស់នាងក៏ត្រូវបានគេរឹបអូសគ្មានសល់ មានទាំង ឡាន​១១គ្រឿង ផ្ទះវីឡា ​ទ្រព្យសម្បត្តិមាស ពេជ្រ និងរបស់របរក្នុងផ្ទះជាច្រើនទៀត។

បន្ទាប់ពីជីវិតរបស់តារាស្រីម្នាក់នេះធ្លាក់ដល់សូន្យ មហាជនក៏បាននឹកឃើញទៅដល់ពាក្យសម្ដីរបស់អតីតស្វាមីរបស់នាងគឺលោក Hiso Petch បាននិយាយក្រោយពេលលែងលះគ្នាយ៉ាងដូច្នេះថា៖

“និយាយត្រង់ទៅខ្ញុំពិតជាអាណិតប្អូនប្រុសរបស់គាត់ខ្លាំងណាស់ ព្រោះមុននឹងបញ្ចប់ទំនាក់ទំនងជាមួយ Pinky ខ្ញុំបានគិតវែងឆ្ងាយណាស់ ប្អូនរបស់នាងនឹងមិនមានសល់អ្វីទាំងអស់ អ្នកនៅជុំវិញខ្លួន នាងយកទាំងអស់  ហើយខ្ញុំក៏គ្មានសមត្ថភាពក្នុងការជួយពួកគេបានដូចគ្នា។ ពេលដែលខ្ញុំនឹកឃើញដល់នាងគ្មានទេសេចក្ដីស្រឡាញ់ ប៉ុន្តែមានតែសេចក្តីបារម្ភ ហើយការបារម្ភនេះមិនមានប្រាក់សម្រាប់ឱ្យអ្នកឯងនោះទេ អ្នកអាចសាកគិតមើលថាមនុស្សវ័យចូល៤០ឆ្នាំហើយ បើរស់បែបនេះតើនៅទីបញ្ចប់នឹងមានអ្វីទៅ”។

នេះជាពាក្យសម្ដីរបស់អតីតស្វាមីនិយាយកាលពីពួកគេធ្វើការលែងលះគ្នា ហើយក៏ជាពាក្យសម្ដីដែលធ្វើឱ្យមហាជនលើកយកមកគិតពិចារណាដឹងថា នេះគឺជាពាក្យដាស់តឿនរបស់អតីតស្វាមីដែលព្យាយាមដាស់តឿន Pinky កន្លងមក៕ ប្រភព៖ Khaosod