ប្រទេសឡាវ៖ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ពីការផ្ទុះឡើងនៃជំងឺគ្រុនឈាមដែលកំពុងតែរីករាលដាលក្នុងប្រទេសឡាវយ៉ាងធ្ងន់ធ្ងរដែលបង្កឱ្យមានអ្នកឆ្លងជំងឺគ្រុនឈាមរាប់ម៉ឺននាក់ និងមានករណីស្លាប់រាប់សិបនាក់បើគិតចាប់ពីដើមឆ្នាំ២០២២នេះ។

ទាក់ទងនឹងបញ្ហាខាងលើ ក្រសួងសុខាភិបាលឡាវ បាន​បង្ហាញពីរបាយការណ៍អ្នកជំងឺគ្រុនឈាមនៅក្នុងប្រទេសចាប់តាំងពីខែមករាមក ឆ្នាំ២០២២ ថាយ៉ាងហោចណាស់មនុស្សចំនួន១៨,០៤៣ នាក់បានឆ្លងនិង១៧នាក់បានស្លាប់ដោយសារតែជំងឺគ្រុន​ឈាមតាមរយៈមូសខ្លាខាំ។

ក្នុងនោះជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាពក្រោមក្រសួងសុខាភិបាលក៏បាននិយាយថាទីក្រុងវៀងចន្ទន៍មានករណីជំងឺគ្រុនឈាមច្រើនជាងគេបំផុតគឺ ៩.១១៤ នាក់បន្ទាប់មកខេត្តហ្លួងណាំថាមានចំនួន ២.២៣៥ ករណី ខេត្តសាលវ៉ានមានចំនួន ១.១៨០ករណី និងខេត្តអាតាពួរមានចំនួន ១.១៧៦ករណី ។

ហើយករណីនៃការស្លាប់ដោយសារតែជំងឺក្រុនឈាមទាំង១៧នាក់នោះត្រូវបានគេដឹងថាចំនួន៥ករណីនៅទីក្រុងវៀងចន្ទន៍ និង១២ករណីទៀតនៅតាមបណ្ដាខេត្ត។

ទោះជាយ៉ាងណាប្រសួងសុខាភិបាលបានជំរុញឱ្យអាជ្ញាធរ និងប្រជាជនទូទាំងប្រទេសមានការប្រុងប្រយ័ត្ន និងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺមួយនេះផងដែរ។

យ៉ាងណាមិញទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO) បង្ហាញឱ្យឃើញថា គ្រុនឈាមបច្ចុប្បន្នជាមេរោគឆ្លងដែលឆ្លងពីមូសលឿនបំផុត ដោយប្រទេស ថៃ វៀតណាម ហ្វីលីពីន និងសិង្ហបុរីបានរកឃើញនៃករណីឆ្លងកម្រិតខ្ពស់បំផុតជាងគេ៕ប្រភព៖ Khaosod