ប្រទេសកុងហ្គោ៖ ​នាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន ស៊ីនហួរ បានឱ្យដឹងថាប្រទេសកុងហ្គោកំពុងតែព្រួយបារម្ភ និងរងចាំមើលលទ្ធផលធ្វើតេស្តរបស់អ្នកដែលកំពុងតែមានការសង្ស័យពីការកើតមានជំងឺអេបូឡា(Ebola)ដែលអាចផ្ទុះឡើងក្នុងប្រទេស។

ទាក់ទងនឹងបញ្ហានេះផងដែរ ត្រូវបានគេរាយការណ៍ពីការិយាល័យប្រចាំតំបន់អាហ្វ្រិករបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញឱ្យឃើញថាទីភ្នាក់ងារសុខភាពសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងស៊ើបអង្កេតករណីសង្ស័យនៃ ការឆ្លងមេរោគ អេបូឡា (Ebola) នៅក្នុងខេត្ត North Kivu  ភាគឦសាននៃប្រទេស។

ការស៊ើបអង្កេតនេះធ្វើឡើងក្រោយពីគេបានរកឃើញអ្នកជំងឺដែលសង្ស័យជាស្ត្រីអាយុ ៤៦ ឆ្នាំនៅខេត្ត North Kivu  បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយនឹងជំងឺផ្សេង ប៉ុន្តែបានបង្ហាញរោគសញ្ញាដូចជាមេរោគអេបូឡាជាបន្តបន្ទាប់ និងបានស្លាប់នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។

ជាមួយគ្នានោះវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវជីវវេជ្ជសាស្ត្ររបស់ប្រទេស កុងហ្គោ ​កំពុងពិនិត្យសំណាករបស់អ្នកពាក់ព័ន្ធដើម្បីបញ្ជាក់ថាពួកគេឆ្លងមេរោគ អេបូឡា(Ebola) ឬ អត់ ។

ខណៈកំពុងតែរងចាំមើលលទ្ធផលវិភាគ ប្រទេសមួយនេះក៏កំពុងតែត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងនៃជំងឺដ៏កាចសាហាវនេះដូចគ្នា ដែលវាអាចជាជុំទី ៣ នៃការផ្ទុះឡើងនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ ២០១៨ មកម្លេះ។

គួរបញ្ជាក់ផងដែរថាអាជ្ញាធរកុងហ្គោធ្លាប់បានប្រកាសជាផ្លូវការនូវការបញ្ចប់នៃការផ្ទុះជំងឺអេបូឡា (Ebola) នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅទីក្រុង Mbandaka រាជធានីនៃខេត្ត Aqueter ប្រទេសកុងហ្គោ ភាគខាងជើង បន្ទាប់ពីគេបានធ្លាប់បានបញ្ជាក់នូវអ្នកជំងឺដែលបានឆ្លងនិងបានស្លាប់ ៤ករណីរួចមក៕ប្រភព៖ ​Khaosod