ប្រទេសថៃ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលទាក់ទងនឹងតារាស្រី Pinky Savika ព្រមទាំងបក្សពួកចំនួន១៩នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររងចាំការកាត់ក្ដី បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តិបទល្មើសឆបោកប្រាក់គេអស់ជាច្រើនតាមប្រព័ន្ធបណ្ដាញសង្គម។


ក្លាយជារឿងដ៏កក្រើក សម្រាប់មហាជន និងអ្នកសិល្បៈថៃក្រោយពីជ្រាបដំណឹងថាកំពូលតារាស្រី Pinky Savika និងម្ដាយ បងប្រុស ព្រមទាំងបក្សពួករួមសិល្បៈល្បីៗមួយចំនួនទៀតសរុបចំនួន១៩នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនភ្លាមៗ ក្រោយពីរកឃើញថាពួកគេបានប្រព្រឹត្តិបទល្មើសឆបោកប្រាក់របស់ប្រជាជនជាច្រើនចំនួន ៩៨២៤ នាក់ តាមរយៈបណ្ដាញសង្គម ដោយប្រើល្បិចឱ្យជនរងគ្រោះធ្វើការបណ្ដាក់ទុនរកស៊ីប្ដូរប្រាក់ ដើម្បីបានចំណេញពី៦០ ទៅ៨០ភាគរយត្រឡប់មកវិញ។

ដោយក្នុងនោះគេដឹងថាសរុបជាទឹកប្រាក់ដែលបានពីការបោកបញ្ឆោតពីជនរងគ្រោះ ក៏ដូចជាការ ខាតបង់របស់ជនរងគ្រោះទាំងអស់រហូតទៅដល់ ២,៤៨៩,៨២០,៣២១.៥២ បាត។

ប្រភពដដែលបានបន្តថាជនជាប់ចោទដែលជាតារាស្រី Pinky Savika និងម្ដាយ បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ពួកគេបានស្នើរសុំនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែតុលាការបានពិចារណាលើសំណុំរឿងឃើញថា ជាករណីមានស្ថានទម្ងន់ទោសធ្ងន់ និងខ្លាចក្រែងជនជាប់ចោទរត់គេចខ្លួនដូច្នេះខាងតុលាការបានបដិសេធលើការស្នើរសុំមួយនេះ។

ទោះជាយ៉ាងណាបន្ទាប់ពីមហាជនអ្នកគាំទ្របានជ្រាបពីដំណឹងនេះហើយ ពិតជាមានការសោកស្ដាយនឹងទង្វើរបស់តារាដ៏ល្បីម្នាក់នេះ ក្នុងនោះក៏មានអ្នករងចាំលើកទឹកចិត្តសម្រាប់ថ្ងៃកាត់ក្ដីសម្រេចពីតុលាការទៅលើជនល្មើសទាំង១៩នាក់នេះបន្តផងដែរ៕ ប្រភព៖ Khaosod