រដ្ឋធានីប្រ៊ីស្ទីណា (Pristina) ៖ ស្របពេលមានបញ្ហាវិបត្ដិព្រំដែន កាន់តែតានតឹងខ្លាំងឡើង រវាងកូសូវ៉ូ (Kosovo) និង ស៊ែប៊ី ដែលធ្លាប់រួមរស់ជាប្រទេសតែមួយ នៅក្នុងសម័យសង្គមនិយមនោះ រុស្ស៊ី បានជំរុញឲ្យរដ្ឋាភិបាលប្រ៊ីស្ទីណា ត្រូវតែបញ្ឈប់នូវការបង្កហេតុ និង លើកកម្ពស់ដល់សិទ្ធិមនុស្សរបស់ជនជាតិស៊ែប៊ី ដែលរស់នៅក្នុងតំបន់ភាគខាងជើង។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១ ខែសីហា ថា ចំពេលមានរលកថ្មី នៃវិបត្ដិព្រំដែន រវាងកូសូវ៉ូ និង ស៊ែប៊ី នោះ រុស្ស៊ីបានជំរុញឱ្យរដ្ឋាភិបាល Pristina (ប្រទេសកូសូវ៉ូ) ត្រូវតែបញ្ឈប់នូវការបង្កហេតុ និង លើកកម្ពស់សិទ្ធិមនុស្សរបស់ជនជាតិស៊ែប៊ី ដែលរស់នៅក្នុងតំបន់ភាគខាងជើង។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) កាលពីថ្ងៃអាទិត្យ ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដែលកំពុងតែគាំទ្រដល់ប្រទេសកូសូវ៉ូ ត្រូវតែអនុវត្តនូវការអត់ធ្មត់ និង គោរពសិទ្ធិរបស់ជនជាតិស៊ែប៊ី ដែលរស់នៅក្នុងប្រទេសកូសូវ៉ូ។ ប៉ុន្តែបស្ចិមលោក ក៏មិនត្រូវគិត ពីសិទ្ធិអំណាចរបស់រដ្ឋាភិបាល Pristina នៅក្នុងការដាក់ «ច្បាប់ និងបទប្បញ្ញត្តិ» នោះឡើយ។

ភាពតានតឹងនេះ បានផ្ទុះឡើង ដល់ភាគីទាំងសងខាង ក្រោយពេលកូសូវ៉ូបានប្រកាសច្បាប់ព្រំដែនថ្មី សម្រាប់ជនជាតិស៊ែប ចូលទៅក្នុងប្រទេសរបស់ខ្លួន។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ថ្វីបើកូសូវ៉ូ បានប្រកាសពីឯករាជ្យរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០០៨ យ៉ាងណាក្ដី ប៉ុន្ដែប្រទេសមួយនេះ ក៏មិនទាន់បានទទួលស្គាល់ ពីរុស្ស៊ី ចិន ស៊ែប៊ី និង អង្គការសហប្រជាជាតិ (UN) ជាទូទៅនៅឡើយដែរ ប៉ុន្ដែមានប្រទេស ជាង១០០ បានទទួលស្គាល់អធិបតេយ្យភាពរបស់កូសូវ៉ូ។ ច្បាប់ព្រំដែនថ្មីរបស់កូសូវ៉ូ ត្រូវបានដាក់ឱ្យចូលជាធរមាន នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។ ចំណែកការអនុវត្តរបស់ពួកគេ ត្រូវបានពន្យារពេល ដោយសារតែមានការតវ៉ាពីជនជាតិស៊ែប នៅភាគខាងជើងកូសូវ៉ូ ដែលបដិសេធការផ្លាស់ប្តូររបស់រដ្ឋាភិបាល Pristina ទាក់ទងនឹងស្លាកលេខ និង អត្តសញ្ញាណប័ណ្ណ។

សូមជម្រាបថា សាធារណរដ្ឋសហព័ន្ធន៍យូហ្គោស្លាវី ត្រូវបានប្រកាសឈ្មោះជាផ្លូវការរបស់ខ្លួន នៅឆ្នាំ១៩៤៦។ ប៉ុន្ដែក្រោយការដួលរំលំនោះមក សហព័ន្ធន៍មួយនេះ ត្រូវបានបែងចែក ក្លាយទៅជាប្រទេសជាច្រើន រួមមាន ទី១-បូស្នៀ និង ហេហ្សេហ្គោវីណា (Bosnia and Herzegovina), ទី២-ក្រូអាត (Croatia), ទី៣-កូសូវ៉ូ (Kosovo), ទី៤-ម៉ុងតេណេហ្គូ (Montenegro), ទី៥-ម៉ាសេណូណាខាងជើង (North Macedonia), ទី៦-ស៊ែប៊ី (Serbia) និង ទី៧-ស្លូវេនី (Slovenia) ៕